(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខខេត្តប៉ៃលិន បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដោយសារតែរដូវនេះ ជារដូវក្តៅខ្លាំង ហើយករណីអគ្គិភ័យនេះ តែងតែកើតមានឡើងជាបន្តបន្ទាប់ ដែលជាកត្ដាគួរឱ្យព្រួយបារម្ភ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់។

ការអំពាវនាវបែបនេះ របស់លោក ផាន់ ចាន់ធុល បានធ្វើឡើងនារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ម្សិលមិញ នៅក្នុងឱកាសដែលលោក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសង្រ្គោះបន្ទាន់ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងថា ដោយសាររដូវនេះ គឺជារដូវក្តៅហួតហែងធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់ខ្លះមាន ការជួបប្រទះនូវការខ្វះទឹកប្រើប្រាស់ ដែលប្រការនេះ លោកធ្លាប់បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅតំបន់ ដែលមានការខ្វះខាតទឹក សូមឱ្យមានការប្រុងប្រយ័ត្ន ក្នុងការចេះរក្សាទឹកទុកប្រើប្រាស់នៅរដូវនេះ ហើយអាជ្ញាធរមូលដ្ឋានរបស់យើង ក៏បានខិតខំធ្វើការដោះស្រាយគ្រប់រូបភាព និងតាមលទ្ធភាពទាំងការអំពាវនាវរកសប្បុរសជន ឱ្យជួយក្នុងការស្ដារអណ្ដូងទឹក ប្រឡាយទឹក និងការជំរុញការតបណ្តាញទឹក ទៅកាន់តំបន់ដែលមានការខ្វះខាតទឹកប្រើប្រាស់នោះផងដែរ។

ទន្ទឹមនឹងនេះដែរ លោក ផាន់ ចាន់ធុល ក៏បានសម្តែងនូវក្តីអាណិតអាសូ និងសោកស្តាយ ចំពោះគ្រួសារប្រជាពលរដ្ឋ ទាំង០៤គ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះបំផ្លិចបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិទាំងស្រុង តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាបាននូវអាយុជីវិត ដើម្បីបន្តជីវភាព និងការខិតខំប្រកបអាជីវកម្ម ធ្វើយ៉ាងស្តារសេដ្ឋកិច្ចក្រុមគ្រួសាររបស់យើងឡើងវិញ ហើយអាជ្ញាធរក៏មិនបណ្តោយ ឱ្យបងប្អូនលំបាកវេទនានោះដែរ។

អំណោយសង្គ្រោះបន្ទាន់ ដែលអាជ្ញាធរខេត្ត បានឧបត្ថម្ភជូនដល់គ្រួសារជនរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំង ៥គ្រួសារ រួមមាន៖ អង្ករ ១០ការ៉ុង ចង្រ្កានហ្គាស ឆ្នាំង ចាន ចានស្រាក់ មុង ភួយ កន្ទេល កំសៀវ ធុងទឹកកក សម្ភារផ្សេងៗ និងថវិកាចំនួន ១,៥០០,០០០រៀលផងដែរ។

សូមរំលឹកថា នៅក្នុងសប្តាហ៍នេះ មានករណីភ្លើងឆេះព្រៃ ហើយបានឆេះរាល បំផ្លាញដំណាំមៀនប៉ៃលិន រាប់ពាន់ដើម ប៉ុន្តែអាជ្ញាធរខេត្ត បានធ្វើការទប់ស្កាត់ទាន់ពេលវេលា ដែលមិនបណ្តាលឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋទេ ចែកករណីភ្លើងឆេះផ្ទះខាងលើនេះ គឺបណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុងទំហំ ០៨ម៉ែត្រ គុណ៥០ម៉ែត្រ និងសម្ភារៈរបស់របរទាំងស្រុងដូចជា៖ ត្រាក់ទ័រចំនួន ០១គ្រឿង-ម៉ាស៊ីន សម្រាប់ដេរសំលៀកបំពាក់ចំនួន ០១ឈុត-ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំ និងឈើសំរាប់ទុកសាងសង់ផ្ទះ រួមទាំងរបស់ជាច្រើនទៀតឆេះទាំងស្រុង៕