(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតទៅលើម្ចាស់គ្លីនិក «យឹម ផល្លា» នៅក្រុងកំពង់ឆ្នាំង បើសិនជារកឃើញថា មានកំហុសក្នុងការសម្រាលស្ដ្រីម្នាក់នាំឲ្យស្លាប់ទាំងម្តាយ និងកូន កាលពីយប់មិញ។

បន្ទាប់ពីមានការភ្ញាក់ផ្អើល និងប្រតិកម្មខ្លាំងពីមហាជនជុំវិញ ការស្លាប់បាត់បង់ជីវិតរបស់ស្ដ្រី និងកូន ពេលចូលទៅសម្រាលនៅក្នុងគ្លីនិក «យឹម ផល្លា» នៅក្រុងកំពង់ឆ្នាំង បានធ្វើឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចេញវិធានការភ្លាមៗត្រួតពិនិត្យទៅលើករណីនេះ។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះថា លោកបានចាត់មន្ដ្រីអធិការកិច្ច ដោយសហការជាមួយ និងអភិបាលខេត្ត និងមន្ដ្រីសមត្ថកិច្ច ក្នុងខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យ និងស៊ើបអង្កេតដល់ទីតាំងគ្លីនិកកើតហេតុ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ម្ចាស់គ្លីនិក នឹងត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ប្រសិនបើរកឃើញថា ម្ចាស់គ្លីនិកពិតជាបានបង្កើតឲ្យមានកំហុស រហូតបណ្ដាលឲ្យស្ដ្រីជាម្ដាយ និងកូនបានស្លាប់ ក្នុងពេលសម្រាលមែននោះ។

សូមបញ្ជាក់ថា ស្ដ្រីឈ្មោះ ទុយ ចរិយា អាយុ៣១ឆ្នាំ មុខរបរជាជាងកាត់ដេរសំលៀកបំពាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង០៩៖០០យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ពេលកំពុងសម្រាលកូននៅក្នុងគ្លីនិក «យឹម ផល្លា»។

លោក សេង គឹមហេង ត្រូវជាប្ដីស្ត្រីរងគ្រោះ បានប្រាប់ថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ មានអាការៈធ្លាក់ឈាម ព្រោះគ្រប់ខែត្រូវឆ្លងទន្លេ។ ភ្លាមៗគាត់ក៏បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះនៅបន្ទប់ថែទាំជំងឺឯកជនឈ្មោះ យឹម ផល្លា ជាគ្រូពេទ្យម្នាក់ផ្នែកសម្ភពរបស់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។

បុរសជាប្តីបានរៀបរាប់ឱ្យដឹងទៀតថា ពេលទៅដល់គ្លីនិក អ្នកគ្រូពេទ្យ យឹម ផល្លា បានបញ្ជាក់ថា ប្រពន្ធរបស់គាត់មិនអីទេ អាចសម្រាលនៅគ្លីនិកបាន។ ពេលឮដូច្នេះ ដោយមានទំនុកចិត្តលើអ្នកគ្រូពេទ្យ ក៏សម្រេចចិត្តសម្រាលនៅគ្លីនិកតែម្តង។

បុរសជាប្តីបន្តថា ក្រោយពេលសម្រាលកូនរួច ទារកនោះអស់សង្ឃឹមបាត់ទៅហើយ ចំណែកប្របន្ធក៏មានអាការៈចេះតែខ្សោយទៅៗ ដោយសារតែធ្លាក់ឈាមច្រើន។ ឃើញសភាពដូច្នេះ ក្រុមគ្រួសារក៏បានជំរុញឱ្យអ្នកគ្រូពេទ្យ យឹម ផល្លា បញ្ជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ តែរឿងគួរឱ្យសោកស្តាយ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គឺហួសពេលទៅហើយ គ្រូពេទ្យខេត្តមិនអាចជួយសង្គ្រោះបានឡើយ ប្រពន្ធគាត់ខ្សោយណាស់ទៅហើយ និងបានស្លាប់ទាំងម្តាយទាំងកូន៕