(ភ្នំពេញ)៖ បើគ្មានការប្រែប្រួលទេនៅពេលខាងមុខនេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវនឹងអញ្ជើញលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ មកសាកសួរ ពាក់ព័ន្ធរឿងប្រើឥរិយាបទមិនសមរម្យជាអ្នកដឹកនាំ ទៅលើប្រជាពលរដ្ឋ ដែលមកស្នើសុំបញ្ជាក់ឯកសារ (សេវាសាធារណៈ) ផ្សេងៗ ផ្ទុយពីអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីរាជការ មិនមែនជាចៅហ្វាយនាយទេ ប៉ុន្តែមន្ត្រីរាជការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»។

ការសម្រេចរបស់លោក ជា ពិសី បានធ្វើឡើងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ក្រោយពីលោកទទួលបានសេចក្ដីរាយការណ៍ ពីបញ្ហាមិនប្រក្រតីមួយចំនួន ពីអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ រស់នៅតាមបណ្ដាភូមិ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលបានចាប់ផ្ដើមរអ៊ូរទាំតៗគ្នា ចំពោះឥរិយាបទមិនសមអ្នកដឹកនាំ និងសម្ដីសម្ដៅមហាសែនអាក្រកក់របស់លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងលោកស្រី ជៀប សុខជា ចៅសង្កាត់រងទី២ សង្កាត់ទួលសង្កែទី១ ខុសពីការដឹកនាំរបស់លោក សយ កុសល អតីតចៅសង្កាត់ មានតែស្នាមញញឹម រស់រាយរាក់ទាក់ ឥរិយាបទទន់ភ្លន់ ជាមួយប្រជាពលរដ្ឋ។

នៅថ្ងៃដដែលនេះ ក្រោយទទួលបានការរិះគន់តៗគ្នា ទៅលើលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ អំពីការប្រើឥរិយាបទមិនសមរម្យ គំរោះគំរើយមិនសមជាអ្នកដឹកនាំ ទៅកាន់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងដើម្បីស្រាយចម្ងល់ដ៏ស្មុគស្មាញនេះដែរ ភ្នាក់ងារព័ត៌មាន Fresh News លោក ហាស់ កំសាន្ដ បានសុំការបកស្រាយដោយផ្ទាល់មាត់ពីលោកស្រី រាជ ផាវឿន នៅសាលាសង្កាត់ទួលសង្កែទី១ ប៉ុន្តែលោកស្រីចៅសង្កាត់ បានបញ្ចេញចរិតច្រងេងច្រង៉ាង មិនសមរម្យនោះទេ ដូច្នេះហើយទំនងដូចការលើកឡើងរបស់ពលរដ្ឋមូលដ្ឋានហើយ។

លោកស្រីចៅសង្កាត់បាននិយាយឆ្លើយតបថា៖ «ខ្ញុំស្គាល់ក្មួយឯងច្បាស់ ចង់សួរអីសួរមក បើមិនសួរចប់ ព្រោះគ្មានពេលទេ រវល់ណាស់»។ បន្ថែមពីលើនោះលោកស្រី ជៀប សុខជា ចៅសង្កាត់រងទី២ នៃសង្កាត់ទួលសង្កែទី១ បានស្រែកបន្ទរបន្ថែមយ៉ាងគំរោះគំរើយថា៖ «មកពីណាពីណីនឹង» ខណៈដែលលោកស្រីចៅសង្កាត់រងរូបនេះ និងលោកស្រីចៅសង្កាត់ ទាំង២នាក់ កំពុងរវល់ទូទាត់រាប់លុយឡើងញាប់ដៃ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ សូមស្នើឲ្យលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការព្រមានយ៉ាងតឹងរឹង តាមអនុសាសន៍របស់សម្ដេចតេជោ ដែលបានដាក់ចេញថា៖ «មន្ត្រីរាជការ មិនមែនជាចៅហ្វាយនាយទេ ប៉ុន្តែមន្ត្រីរាជការ គឺជាអ្នកបម្រើពលរដ្ឋ ដោយភាពស្មោះត្រង់»

បើតាមប្រជាពលរដ្ឋមូលដ្ឋាន លោកស្រី ជៀប សុខជា ជាចៅសង្កាត់រងទី២ និងលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ខុសគ្នាឆ្ងាយពីការដឹកនាំរបស់លោក សយ កុសល អតីតចៅសង្កាត់។ លោក សយ កុសល មានស្នាមញញឹម រស់រាយរាក់ទាក់ ឥរិយាបទទន់ភ្លន់ ជាមួយប្រជាពលរដ្ឋ ហើយក្រៅពីយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ លោកបានពង្រឹងបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានផងដែរ៕