(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយរបាយការណ៍ថ្មីមួយរបស់ ស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០២០ ដោយបង្ហាញនូវការជឿជាក់ថា ឆ្នាំ២០២០នេះ សេដ្ឋកិច្ចរំពឹងមានកំណើន៧% ទោះបីជាអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) ក៏ដោយក៏ការនាំចេញរបស់កម្ពុជា នៅតែបន្ដកើនឡើង។

ក្នុងរបាយការណ៍ស្វាគមន៍ឆ្នាំថ្មីរបស់ធនាគារជាតិនៃកម្ពុជា ដែលមានចំណងជើងថា «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បានពន្យល់យ៉ាងលម្អិតអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោក ឆ្នាំ២០១៩ និងការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា និងពិភពលោក ឆ្នាំ២០២០។

ធនគារជាតិនៃកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា «កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ត្រូវបានរំពឹងថា អាចសម្រេចបានក្នុងរង្វង់៧% ជាមួយនឹងកម្រិតអតិផរណាប្រមាណ២.៣%។ ការរំពឹងទុកនេះផ្អែកលើការព្យាករណ៍ពី ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្ដល់ភាពអំណោយផល ដល់ការនាំចេញវិនិយោគិនបរទេស និងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែលសេដ្ឋកិច្ច ទទួលបានលទ្ធផលជាលំដាប់ ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅ សម្រាប់គាំទ្រដល់ការរីកចម្រើន នៃសេដ្ឋកិច្ចប្រកបដោយចីរភាព»

ការនាំចេញរបស់កម្ពុជារំពឹងថា នឹងបន្ដមានកំណើនក្នុងអត្រាខ្ពស់ ពិសេសការនាំចេញទំនិញ សម្រាប់ធ្វើដំណើរ, ទំនិញកម្មន្ដសាលផ្សេងៗ ទោះបីជាកំណើនការនាំចេញសម្លៀកបំពាក់ អាចថមថយល្បឿនក៏ដោយ។

របាយការណ៍របស់ធនាគារជាតិបញ្ជាក់ថា យ៉ាងណាក៏ដោយទោះបីជាសហភាពអឺរ៉ុប នឹងអាចសម្រេចដក EBA ពីកម្ពុជានៅខែកុម្ភៈ ឆ្នាំ២០២០ក៏ដោយ ក៏ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា នៅតែរំពឹងថាបន្ដមានកំណើនដោយសារតែ៖

១៖ យន្ដការនៃការដក EBA ពេញលេញនឹងត្រូវអនុវត្តនៅ៦ខែក្រោយពីការសម្រេច។

២៖ កម្ពុជានៅតែអាចនាំចេញទៅសហភាពអឺរ៉ុបបាន ទោះបីជា EBA ត្រូវបានដកក៏ដោយ ពីព្រោះការបាត់បង់ EBA គ្រាន់តែអាចបង្កើនថ្លៃទំនិញនាំចេញរបស់កម្ពុជា ទៅសហភាពអឺរ៉ុប ដោយសារតែការដាក់ពន្ធក្នុងរង្វង់០.១% ទៅ១២.៥% ទៅតាមប្រភេទទំនិញ ប៉ុន្ដែប្រសិនបើតម្រូវការរបស់សហភាពអឺរ៉ុប មកលើទំនិញនាំចេញពីកម្ពុជានៅតែមាន នោះការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ក៏នៅតែមានកំណើនផងដែរ ពិសេសក្រោយពី ការចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុបដោយសារតែទំនិញកម្ពុជា នាំចេញទៅអង់គ្លេស មានចំនួន២០%នៃការនាំចេញទៅសហភាពអឺរ៉ុប។

៣៖ កំណើនប្រាក់ឈ្នួលអប្បបរិមានៅកម្ពុជា មិនទាន់មានផលប៉ះពាល់ ទៅលើការប្រកួតប្រជែងរបស់កម្ពុជានោះទេ ដោយសារការបង្កើនមានលក្ខណៈសន្សឹមៗ ស្របពេលដែលផលិតភាពក៏បានកើនឡើងផងដែរ។

៤៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសម្រួលការធ្វើពាណិជ្ជកម្ម ព្រមទាំងបានអនុវត្ត ការកែទម្រង់ចាំបាច់នានា សំដៅបង្កើតបរិយាកាស កាន់តែអំណោយផលដល់ការវិនិយោគ ជំរុញផលិតកម្មក្នុងស្រុក និងលើកម្ពស់ការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញជាដើម។

ធនាគារជាតិបន្ថែមទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ក៏នឹងត្រូវគាំទ្រដោយលំហូរ វិនិយោគផ្ទាល់បរទេសដែលរំពឹងថា បន្ដមានកំណើនរឹងមាំ ជាមួយនឹងការបង្កើនការវិនិយោគ នៃប្រទេសក្នុងតំបន់ ដែលអំណោយផល ដោយសក្ដានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅវិនិយោគ មកតំបន់អាស៊ីរួមមានកម្ពុជាផងដែរ។ វិស័យសំណង់ និងអចលនទ្រព្យបន្ដកើនឡើង ដែលឆ្លុះបញ្ចាំងដោយនិន្នាការកើនឡើង នៃការនាំចូលសម្ភារៈសំណង់ និងគម្រោងសាងសង់ដែលបានអនុម័ត ចំពោះភ្ញៀវទេសចរបរទេសបន្ដកើនឡើងជាលំដាប់ ពិសេសមកកាន់តំបន់ឆ្នេរ និងក្នុងគោលបំណងធុរកិច្ច។

ទន្ទឹមនេះតម្រូវការ និងការវិនិយោគក្នុងស្រុកបន្ដកើនឡើង យ៉ាងរឹងមាំដែលរួមចំណែកជំរុញ ដោយកំណើនចំណូលរបស់ប្រជាពលរដ្ឋ ការអនុវត្តន៍គោលនយោបាយវិត្ថារកម្មថវិកា និងកំណើនឥណទាននៃវិស័យធនាគារ និងហិរញ្ញវត្ថុ។ ថ្មីៗនេះគម្រោងសាងសង់ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិ ក៏បានអនុម័តហើយកំពុងអនុវត្ត ដែលបង្ហាញពីទស្សនទានវិជ្ជមាន លើការប្រើប្រាស់របស់ប្រជាជនកម្ពុជា ពិសេសប្រជាជនមានចំណូលមធ្យម និងកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕