(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរកឃើញថា មន្ត្រីមួយចំនួនមិនបានអនុវត្តន៍ទៅតាមលិខិតបទដ្ឋានគតិយុត្តិ មិនអនុវត្តន៍ច្បាប់ និងមិនអនុវត្តន៍បទបញ្ជាផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង។ ការដែលមន្ត្រីមិនអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិ ឬមិនអនុវត្តន៍ច្បាប់នេះ ដោយសារតែការដាក់ទោសទណ្ឌចំពោះមន្ត្រី និងជនខិលខូចនៅមានកម្រិតនៅឡើយ។

លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងឱ្យដឹងថា តាមរយៈបេសកកម្មការងាររយៈពេល១៦ខែកន្លងទៅ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរកឃើញថា មានអង្គចំនួន៣ ត្រូវបានមន្ត្រី និងជនខិលខូច យកទៅប្រើប្រាស់ដើម្បីប្រព្រឹត្តទង្វើទុច្ចរិត និងអយុត្តិធម៌។

បើតាមលោក ឈឹម ផលវរុណ អង្គទាំង៣នោះរួមមាន៖ លុយ អំណាច និងច្បាប់។ លោក បានពន្យល់ថា អ្នកមានលុយ បានយកទៅប្រើអ្នកមានអំណាច ហើយរួមគ្នាជាមួយប្រព័ន្ធតុលាការ ដើម្បីកែខៃរឿងពីស ទៅជាខ្មៅ ឬពីខ្មៅ ទៅជាស ជាដើម។

លោក ឈឹម ផលវរុណ បានលើកឡើងថា ដើម្បីបន្សាបភាពខិលខូច និងភាពអយុត្តិធម៌របស់មន្ត្រី និងជនខិលខូចនេះ មានតែការពង្រឹងប្រព័ន្ធច្បាប់តែប៉ុណ្ណោះ។ ព្រោះតែហេតុនេះហើយ នៅក្នុងឆ្នាំ២០២០ ឧត្តមក្រុមប្រឹក្សា គ្រោងធ្វើសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទោសចំពោះមន្ត្រីមិនអនុវត្តន៍ច្បាប់ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត។

ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រូបនេះ បានលើកឡើងថា តុលាការនៅកម្ពុជាឯករាជ្យ ហើយស្ថាប័នរបស់រដ្ឋ ក៏បានបែងចែកភារកិច្ច និងតួនាទីច្បាស់គ្នាលាស់ផងដែរ តែមន្ត្រីខិលខូមិនបានអនុវត្តន៍ទៅច្បាប់ ទៅតាមតួនាទីទើបជាហេតុនាំឱ្យសង្គមជួបបញ្ហា។ លោក ឈឹម ផលវរុណ បានអះអាងថា មន្ត្រីខិលខូចនោះ មិនត្រឹមតែមិនអនុវត្តន៍តួនាទី លាក់បាំងរឿងហេតុនោះទេ គេថែមទាំងកែច្នៃសាច់ពីស ទៅជាខ្មៅ ពីខ្មៅ ទៅជាសថែមទៀងផង។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ លោក ឈឹម ផលវរុណ បានលើកឡើងថា ទាមទារឱ្យមានការធ្វើកំណែទម្រង់បុគ្គល ដែលជាការអនុវត្តន៍អភិក្រមទី៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនោះ។

ដើម្បីកំណែទម្រង់នេះទទួលបានជោគជ័យ លោក ឈឹម ផលវរុណ បានទាមទារឱ្យប្រជាពលរដ្ឋចូលរួមជ្រោងទង់កសាងប្រព័ន្ធរដ្ឋបាលស្អាតស្អំ និងយុត្តិធម៌ទៀងត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន ដោយហ៊ានរាយការណ៍ និងលើកឡើងការពិតចំពោះទង្វើអសកម្មរបស់មន្ត្រី និងជនខិលខូច៕