(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាច្រើននាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលការងារ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងសមត្ថកិច្ចចរាចរណ៍ ចុះប្រតិបត្តិការត្រួតពិនិត្យបច្ចេកទេស និងផាកពិន័យចំពោះរថយន្តដឹកដី និងរថយន្តដឹកសំពីងសំពោង តាមបណ្ដោយផ្លូវ ជាតិលេខ៥។

យុទ្ធនាការនេះ បានធ្វើឡើងក្រោយពីសង្កេតឃើញមានភាពអនាធិបតេយ្យ ក្នុងការដឹកដីលើផ្លូវជាតិ និងរថយន្តដឹកសំពីងសំពោង ដោយមិនមានស្លាកលេខ និងឯកសារត្រឹមត្រូវ កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

លោក កេត យ៉ុង បានឲ្យដឹងថា ការចុះអនុវត្តត្រួតពិនិត្យរថយន្តដឹកដីក្នុងពេលនេះ គឺអនុវត្តតាមផែនការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរិមា និងដើម្បីរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោកឲ្យមានភាពល្អប្រសើរជាលំដាប់ក្នុងការចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកពីអ្នកប្រើប្រាស់ផ្លូវ។

ក្នុងពេលចុះត្រួតពិនិត្យនោះ សមត្ថកិច្ចបានរកឃើញរថយន្តអត់ផ្លាកលេខ ខ្វះឯកសារប័ណ្ណបើកបរ ខ្វះបណ្ណសំគាល់យានយន្ត លិខិតអាជីវកម្មដឹកជញ្ជូន និងអ្នកបើកបរមិនទាន់គ្រប់អាយុជាដើម ដែលកំហុសទាំងនេះត្រូវបានអនុវត្តផាកពិន័យតាមអនុក្រឹតលេខ៤៤ស្តីពីការពិន័យអន្តរការ អំពី អំពើល្មើសក្នុងច្បាប់ស្តីចរាចរណ៍ផ្លូវគោក។ ក្នុងរយៈពេលពេញមួយព្រឹកនេះ កម្លាំងនគរ បាលចរាចរណ៍ខេត្តបានឃាត់ឡានដឹកដីជិត ៣០គ្រឿងមក ធ្វើការត្រូតពិនិត្យ និងផាកពិន័យ។

នាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី កេត យ៉ុង បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវគោកទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា ពិសេសបងប្អូន ដែលមានយានយន្តគ្រប់ប្រភេទ ត្រូវមានឯកសារគ្រប់គ្រាន់ មុននឹងធ្វើចរាចរណ៍នៅតាមដងផ្លូវ៕