(កែប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាភ្លាមៗ ដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន បានប្រើថវិការបស់រដ្ឋ និងថវិកាសប្បុរសជនដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារអ្នកស្លាប់ និងអ្នករងរបួស ហើយចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច យកថវិកាទាំងនេះ ទៅប្រគល់ជូនដល់ផ្ទះគ្រួសារសពតែម្ដង។

នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរងគ្រោះ ទាំងអ្នករបួស និងគ្រួសារអ្នកដែលបានស្លាប់ ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ ១០០០០ដុល្លារ។ សម្រាប់អ្នកស្លាប់សាកសពមួយថវិកាចំនួន ២០០លានរៀលស្មើនឹង ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនិមួយៗ។ ថវិការដ្ឋ និងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិកាទៅដល់ផ្ទះនៃគ្រួសារសព»

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ក្នុងនោះស្លាប់៧នាក់ ខណៈក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត៕