(ភ្នំពេញ)៖ ក្រោយការស៊ើបសួបានបញ្ចប់លោកស្រី ស៊ លីនណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនឈ្មោះ ឌុល សារិទ្ធ ហៅ សូត អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧១ ផ្លូវវេងស្រេង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះទោសតាមកំណត់ច្បាប់។ នេះបើតាមប្រភពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអង្គភាពព័ត៌មាន Fresh News បានដឹងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ។

ការសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ឌុល សារិទ្ធ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានចោទប្រកាន់អ្នកបើករថយន្តបង្ករូបនេះ ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «បើកបរធ្វេសប្រហែស ខ្ចីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ» ប្រព្រឹត្តនៅចំណុចលើផ្លូវបេតុង ក្រុម២៧ ភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៥ ចំណុច (ឃ) នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនអ្នកបើករថយន្ត Higlander ដែលបានបើករថយន្តទៅបុកយុវតីចំនួន ២នាក់ បណ្តាលឱ្យស្លាប់យ៉ាងអណោចអធ័មបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែធ្នូកន្លងទៅនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសូរ និងចោទប្រកាន់តាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News បានដឹងថា កម្លាំងជំនាញបានស្រាវជ្រាវរករថយន្តបង្ករហេតុនេះឃើញ នៅក្នុងបរិវេណអង្គភាពមួយដែលនៅជិតអាកាសយាដ្ឋាន អន្តរជាតិភ្នំពេញ ទើបឈានទៅឃាត់ជនសង្ស័យបាន ហើយយកមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាការចាត់ការតាមនីតិវិធី។

សូមរំលឹកថា យុវតីចំនួ ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឱ្យរួចផុតពីការទទួលខុសត្រូវ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ ករណីនេះកំពុងស្ថិតក្នុងចំណាត់ការតុលាការ៕