(ភ្នំពេញ)៖ ស្ថានទូតអាមេរិក និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានចេញសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងជនរងគ្រោះដែលរងគ្រោះដោយសារការបាក់រំលំអគារ ៦ជាន់ នៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។

ស្ថានទូតអាមេរិក បានថ្លែងសារបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានទូតអាមេរិក មានសេចក្តីក្រៀមក្រំ ដោយបានទទួលដំណឹងស្តីពីការបាក់រលំអាគារ នៅថ្ងៃនេះ នៅក្រុងឆ្នេរសមុទ្រកែប។ យើងសូមបួងសួងដល់គ្រួសារជនរងគ្រោះ និងអ្នកដទៃទៀតដែលទទួលរង ហើយយើងសូមសំដែងការគាំទ្រទាំងស្រុង ចំពោះការខិតខំជួយសង្រោះ ដែលកំពុងបន្ត»។

ចំណែកស្ថានទូតអូស្ត្រាលី បានថ្លែងសារបញ្ជាក់ផងដែរថា៖ «ស្ថានទូតអូស្រ្តាលី សូមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ដោយសារការបាក់រលំអគារនៅខេត្តកែប។ យើងខ្ញុំសូមអធិស្ឋាន ដល់ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះផងដែរ។ ពួកយើងនៅតែប្តេជ្ញាធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីកែលម្អស្តង់ដារសុវត្ថិភាពសំណង់»

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់ ៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន ២៣នាក់ហើយ ក្នុងនោះមានជនរងគ្រោះ ៥នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត ១៨នាក់។

ករណីរលំបាក់អគារកម្ពស់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។

អគារដែលបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕