(កែប)៖ គិតត្រឹមវេលាម៉ោង០២៖១០នាទីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធទៀតហើយ ត្រូវបានកម្លាំងសង្គ្រោះ បានទាញយកចេញពីគំនរអគារកម្ពស់ ៦ជាន់ ដែលបាក់រលំនៅខេត្តកែប។

គួរជម្រាបថា រហូតមកដល់ពេលនេះ ជនរងគ្រោះ ២៧នាក់ត្រូវបានរកឃើញ ដោយមានស្លាប់ និងរបួសមួយចំនួន ខណៈក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត។

សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។

អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្តជាច្រើនរូប ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន៕