(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្រ្តីសាលាខណ្ឌ កម្លាំងសណ្តាប់ធ្នាប់ ប្រជាការពារខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ ធ្វើអនាម័យបរិស្ថាន នៅតាមដងមហាវិថីម៉ៅសេទុង និងមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ និងសង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដោយចុះរៀបចំសណ្ដាប់ធ្នាប់ ឱ្យមានរៀបរៀបរយ និងប្រមូលសំរាមដាក់រថយន្តដឹកសំរាម យកទៅចាក់ចោលនៅគំនរសំរាមនៅឯជាយក្រុង។

នៅក្នុងឱកាសនោះដែរ លោក ធឹម សំអាន បានលើកទឹកចិត្ត ក៏ដូចជាសំណូមពរដល់ប្រជាជនដែលរស់នៅ តាមខ្នងផ្ទះនីមួយៗ ស្របមហាវិថីម៉ៅសេទុង និងមហាវិថីមុនីវង្សនេះ ដោយសូមប្រជាជនមេត្តាវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ (ពិសេសសំរាមសើម ងាយរលួយ) និងចូលរួមសម្អាត និងធ្វើអនាម័យ បរិស្ថានមូលដ្ឋានខណ្ឌបឹងកេងកង និងទីក្រុងភ្នំពេញ ឱ្យកាន់តែស្អាតល្អប្រសើរថែមមួយកម្រិតទៀត។

នៅក្នុងប្រតិបត្តិការចុះ ធ្វើសណ្តាប់ធ្នាប់ និងសំអាតបរិស្ថាន នៅតាមដងមហាវិថីម៉ៅសេទុង និងមហាវិថីមុនីវង្ស នាឱកាសនោះគេសង្កេតឃើញប្រជាជនរស់នៅ តាមខ្នងផ្ទះនីមួយៗ នោះគាត់ចេញមកស្វាគមន៍ ដល់លោកអភិបាលខណ្ឌបឹងកេងកង និងសហការីដោយសម្ដែងនូវទឹកចិត្តគោរពគាំទ្រ ប្រកបដោយបរិយាកាសសប្បាយរីករាយ។

ក្នុងនោះប្រជាជនបានសម្តែងសេចក្តីអរ និងគាំទ្រលើការងារសង្គមនេះ ដោយធ្វើឱ្យមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ប្រែមុខមាត់ថ្មី ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី និងពីសំណាក់លោក ធឹម សំអាន ធ្វើឱ្យខណ្ឌបឹងកេងកង មានសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរគួរឱ្យចង់រស់នៅ៕