(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «យើងជាគ្រូពេទ្យត្រូវស្គាល់ពីតួនាទី និងមានទំនួលខុសត្រូវខ្ពស់ ដោយគោរពទៅលើក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ជាពិសេសត្រូវមានចិត្តអាណិតអាសូរទៅដល់អ្នកជំងឺ និងចាត់ទុកអ្នកជំងឺ ដូចជាក្រុមគ្រួសាររបស់ខ្លួន ដោយត្រូវមើលថែរក្សា ព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺពីសេចក្ដីស្លាប់»។

លោកសង្កត់ធ្ងន់ថា គ្រូពេទ្យទំាងអស់ ទាំងវិស័យសាធារណៈ និងគ្លីនិកឯកជន ត្រូវមានទំាងសមត្ថភាព អាកប្បកិរិយាល្អ មានអនាម័យ ជាពិសេសមានទឹកចិត្ដគុណធម៌ ក្ដីអាណិតអាសូរ ដោយព្យាបាលអ្នកជំងឺ មិនត្រូវគិតលុយជាធំ ធ្វើយ៉ាងម៉េចសង្គ្រោះគាត់រួចផុតពីគ្រោះថ្នាក់។

ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីក្នុងឱកាសជួបប្រជុំសំណេះសំណាលជាមួយ អ្នកផ្តល់សេវាសុខាភិបាលសាធារណៈ និងឯកជនទាំង២៥ខេត្តក្រុង ស្តីពីការផ្តល់សេវារបស់គ្រូពេទ្យ ប្រកបដោយទំនួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង ក៏បានកោតសរសើរមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ជាមន្ទីរពេទ្យគំរូ នៅកម្ពុជា ដែលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវក្រមសីលធម៌គ្រូពេទ្យបានយ៉ាងល្អ។

មន្ទីរពេទ្យនេះមានសេវាកម្មអតិថិជនល្អ គុណភាពស្តង់ដារអន្តរជាតិ និងបច្ចេកវិទ្យាទំនើប មានសក្តានុពលបំរើដល់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ។

លើសពីនេះ មន្ទីរពេទ្យទន្តសាស្ត្ររំចង់ ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជុំវិញពិភពលោកដែលបានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី មកទស្សនាប្រទេសកម្ពុជា និងទទួលព្យាបាលមាត់ធ្មេញ នៅក្នុងមន្ទីរពេទ្យរំចង់ថែមទៀត។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវ និងជំរុញទឹកចិត្ដដល់វិស័យសេវាសុខភាពសាធារណៈ និងគ្លីនិកឯកជន ត្រូវតែមានសមត្ថភាព និងទំនួលខុសត្រូវខ្ពស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យជាប់ជានិច្ច ដើម្បីសង្គ្រោះអ្នកជំងឺឱ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់៕