(ស្វាយរៀង)៖ មេក្លោងចែកចាយគ្រឿងញៀន ជនជាតិចិនម្នាក់ ត្រូវកម្លាំងនគរបាលបង្ក្រាបបាន នៅក្រុងបាវិត ខេត្តស្វាយរៀង ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម។

របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងនៅថ្ងៃទី០២ ខែមករាកន្លងទៅ ក្រោយពីកម្លាំងជំនាញទទួលបានព័ត៌មានពីភាគីវៀតណាម។

ព័ត៌មានដែលកម្លាំងជំនាញទទួលបាន បញ្ជាក់ថានៅចំណុចស្លាបខាងឆ្វេងចន្លោះបង្គោលសីម៉ា ១៧០-១៧១ ព្រំដែនវៀតណាម ភូមិឡុងភី ឃុំឡុហឹង ស្រុកបេនកូវ ខេត្តតៃនិញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ Nguyen thingoc bich ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម។ ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបាននាំយកថ្នាំញៀនពីឈ្មោះ Wendusu ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បុគ្គលិកអនឡាញកាស៉ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លុះរហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញដឹកនាំដោយ លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ គង់ អធិការនគរបាលក្រុងបាវិត និងដោយមានការសម្របសម្រូលពីតំណាងអយ្យការ កម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ Wendusu នៅបន្ទប់ជួលទីតាំងខាងលើ។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានធ្វើការឆែកឆេរបន្ទប់ជួលស្នាក់នៅរបស់ជនសង្ស័យរកឃើញ និងដកហូតសម្ភារវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ថ្លា ប្រភេទមេតំហ្វេតាមីនទម្ងន់ ៧.៩១ក្រាម, ម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់៨៣៤.២៦ក្រាម, ម្សៅក្រាមពណ៌ផ្កាឈូក សង្ស័យជាថ្នាំញៀនប្រភេទ MDMA (អិចស្តាស៉ី) ទម្ងន់១៣១.៦៤ក្រាម, ម្សៅថ្នាំគ្រាប់ពណ៌ផ្កាឈូក សង្ស័យជាថ្នាំញៀនមេតំហ្វេតាមីនចំនួន ៤០០គ្រាប់ ទម្ងន់១០២.៤២ក្រាម, ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ទម្ងន់៦.១៣ក្រាម, ទឹកអាកុលចំនួន៣ដប, សារធាតុគីមីផ្សំ (ទឹកថ្នាំដប) ចំនួន០៧ (ធំ១) និងសម្ភារប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យជនជាតិចិន កំពុងត្រូវបានឃាត់ខ្លួននៅការិយាលយ័ជំនាញ ដើម្បីបំពេញសំណុំរឿងចាត់ការបន្តតាមច្បាប់៕