(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមចូលរំលែកទុក្ខចំពោះក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងសោកនាដកម្មរលំអគារ ក្នុងខេត្តកែប នេះបើយោងតាមសារលិខិតរំលែកទុក្ខរបស់ព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរៀបរាប់ថា «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្រេង នៃការបាក់រលំអគារកម្ពស់ប្រាំពីរជាន់កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

«ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ប្រកបដោយសេចក្តីសង្វេគជាពន់ពេក ជាមួយក្រុមគ្រួសារ និងសាច់ញាតិដែលបានបាត់បង់សមាជិករបស់ខ្លួន នៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធបងប្អូន កូនក្មួយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់​បងប្អូន កូនក្មួយជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយ និងបានវិលមកប្រកប់ជីវភាពរស់នៅជាធម្មតាឡើងវិញ»

ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តខិតខំយ៉ាងសស្រាក់សស្រាំ ប្រមូលគ្រប់មធ្យោបាយដើម្បីពន្លឿនការស្វែងរកជនរងគ្រោះ។

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងមុតមាំ និងសូមគាំទ្រនូវរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីជំនះលើការប្រឈមចំពោះមុខនេះ។

នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាសថា ជនរងគ្រោះទាំងអស់មាន២៩នាក់ ត្រូវបានយកចេញពីគំនរបែកបាក់អគារ និងអ្នកស្លាប់មានចំនួន ៧នាក់។

រដ្ឋបាលខេត្តកែប ប្រកាសផ្លូវការអំពីលេខទូរស័ព្ទ៖ 092 860 888 សម្រាប់ទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះ នៃករណីបាក់រលំអគារ។ ជាមួយនោះដែរ រដ្ឋបាលខេត្តកែប ក៏បានបង្ហាញពីបញ្ជីឈ្មោះជនរងគ្រោះទាំង២៧នាក់ ដែលរងគ្រោះជាប់ក្នុងគំនរអគារដែលបាក់រលំ ហើយត្រូវបានជួយសង្រ្គោះចេញពីគំនរអគារ៕