(ភ្នំពេញ)៖ ស្ថានទូតអាល្លឺម៉ង់ និងជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានថ្លែងសាររំលែកទុក្ខ ចំពោះគ្រួសារជនរងគ្រោះ ដោយសារបាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្តកែប។ នេះបើយោងតាម Facebook របស់ស្ថានទូតទាំងពីរ។

ស្ថានទូតអាល្លឺម៉ង់ បានថ្លែងសារយ៉ាងដូច្នេះថា៖ «ស្ថានទូតអាល្លឺម៉ង់មានការសោកសៅ ចំពោះដំណឹងនៃការបាក់រលំអគារនៅខេត្តកែប។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខ ទៅដល់ប្រជាជនកម្ពុជា ជាពិសេសជនរងគ្រោះទាំង ៥៩នាក់ និងក្រុមគ្រួសារសាច់ញាតិរបស់ពួកគេពីសោកនាដកម្មនេះ»

ចំណែកស្ថានទូតជប៉ុន បានស្រង់សាររំលែកទុក្ខពីលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ដែលមានខ្លឹមសារដើមថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេក ក្រោយពីបានទទួលព័ត៌មានស្តីពី ឧបទ្ទវហេតុបាក់អគារ ដែលបានកើតឡើងនៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ។ ខ្ញុំសូមបួងសួងដល់ជនរងគ្រោះដែលបានចែកឋាន សូមឲ្យវិញ្ញាណក្ខន្ធទៅកាន់សុគតិភព។ ខ្ញុំសូមឲ្យជនដែលរងរបួស សូមឆាប់ជាសៈស្បើយ»

គួររំលឹកថា ស្ថានទូតផ្សេងៗទៀត បានថ្លែងសាររំលែកទុក្ខចំពោះសោកនាដកម្ម បាក់រលំអគារកម្ពស់ ៧ជាន់ នៅខេត្តកែបរួមមាន៖ ស្ថានទូតចិន, ស្ថានទូតអាមេរិក និងស្ថានទូតអូស្ត្រាលី។

គួរជម្រាបថា ប្រតិបត្តិការ នៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។

គួររំលឹកថា ស្ថានទូតផ្សេងៗទៀត បានថ្លែងសាររំលែកទុក្ខចំពោះសោកនាដកម្ម បាក់រលំអគារកម្ពស់ ៧ជាន់ នៅខេត្តកែបរួមមាន៖ ស្ថានទូតចិន, ស្ថានទូតអាមេរិក និងស្ថានទូតអូស្ត្រាលី។ ក្រៅពីនេះ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (UN) ក៏បានសំដែងនូវការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុ នៃការបាក់រលំអគារនេះផងដែរ។