(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខជូនគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុបាក់រលំ អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្រុងកែប ខេត្តកែប ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីវេលាម៉ោង៤៖១៥នាទី រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ។

នៅក្នុងសារលិខិតរំលែកទុក្ខរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបង្ហាញក្តីសោកសង្រែងយ៉ាងដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្នុងនាមខ្ញុំផ្ទាល់ សូមសំដែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ រន្ធត់ស្លុត ក្តុកក្តូល សោកសៅ និងស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះសោកនាដកម្ម នៃការរលំបាក់អគារ៦ជាន់ កាលពីល្ងាចថ្ងៃទីទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលបណ្តាឱ្យមានកម្មករ កម្មការិនីបម្រើការងារនៅករដ្ឋាននោះ បានបាត់បង់អាយុជីវិត ចំនួន៣៦នាក់ និងរងបួសចំនួន២៣នាក់»។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំនេះ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារសព និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិត បានសោយសុខក្នុងសុខគតិភពកុំបីអាក់អានឡើយ ព្រមទាំងជូនពរចំពោះបងប្អូនជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួស សូមឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មកប្រកបជីវភាពរស់នៅជាប្រក្រតីវិញ៕