(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ក្នុងឱកាសទទួលជួប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ លោកបានស្នើឲ្យអាមេរិក ជួយផ្តល់កិច្ចសហប្រតិបត្តិការពង្រឹង និងកសាងសមត្ថភាព ធនធានមនុស្សរបស់កម្ពុជា។

ក្នុងជំនួបការសម្តែងការគួរសម និងពិភាក្សាការងារនេះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ លោក W. Patrick Murphy និងសហការី ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ អញ្ជើញមកក្រសួងផែនការនាពេលនេះ ហើយវាក៏ជាមោទនភាពរបស់ក្រសួងផែនការផងដែរ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងនូវអំណរអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧%ក្នុងមួយឆ្នាំៗ ជាពិសេសបានជួយគាំទ្រដល់ក្រសួងផែនការ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត មានដូចជា UNFPA, UNICEF គាំទ្រលើការអង្កេតប្រជាសាស្ត្រ និងសុខភាព(CDHS) ដែលមានចាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ និងអង្កេតចន្លោះជំរឿនកសិកម្ម ឆ្នាំ២០១៩ ហើយតាមរយៈអង្គការ UNDP ក៏បានជួយដល់ក្រសួងផែនការ ក្នុងការរៀបចំក្របខណ្ឌគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDGs) ២០១៩-២០៣០ ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ២០១៩-២០២៣ ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃផ្សេងទៀតផងដែរ។

លោក W. Patrick Murphy បានលើកឡើងថា លោកមានចិត្តសប្បាយរីករាយ ដែលបានអញ្ជើញមកក្រសួងផែនការ ដើម្បីបានមកសម្តែងការគួរសម ក៏ដូចជាពិភាក្សាការងារជាមួយ លោករដ្ឋមន្ត្រី ឆាយ ថន នាពេលនេះ។

ជាមួយគ្នានេះ លោកសូមសម្តែងនូវការចូលរួមសម្តែងនូវសមានទុក្ខ និងសោកស្តាយជាទីបំផុត ជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះហេតុការណ៍បាក់រលំអគារ នាពេលថ្មីៗនេះនៅខេត្តកែប។

លោកឯកអគ្គរដ្ឋទូតបានបន្តថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់តាមរយៈព័ត៌មានថ្មីៗ ហើយលោកបានដឹងថា នាពេលខាងមុខនេះ ប្រជាជនកម្ពុជានឹងរៀបចំពិធីអបអរសាទរទិវាជ័យជម្នះ៧មករា និងបានមើលឃើញពីការរីកចម្រើន របស់ប្រទេសកម្ពុជា ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបានក្របខណ្ឌគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDGs) ២០១៩-២០៣០។

លោកបានសម្តែងនូវការសប្បាយរីករាយ គាំទ្រ និងបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានការតាំងចិត្ត ប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាន ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពកម្ពុជា (CSDG) មានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

លោក W. Patrick Murphy បានបន្ថែមថា ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី យើងបានមើលឃើញពីបញ្ហាប្រឈមនានា ដែលសហរដ្ឋអាមេរិកពិបាកក្នុងការជួយ ប៉ុន្តែយើង (សហរដ្ឋអាមេរិក និងកម្ពុជា) នឹងរួមគ្នាដោះស្រាយលើបញ្ហាប្រឈមទាំងនោះ ជាមួយគ្នាឱ្យបាន។ សហរដ្ឋអាមេរិក បានផ្តល់ជំនួយប្រមាណ១០០លានដុល្លា ក្នុងមួយឆ្នាំៗ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជាកិច្ចសហប្រតិបត្តិការរឹងមាំ តាមរយៈកម្មវិធីអភិវឌ្ឍន៍នានា ហើយដែលនឹងត្រូវបានអនុវម័ត និងចុះ MOU ជាមួយគ្នា ហើយយើងក៏មានវិស័យឯកជន សម្រាប់ជួយដល់កម្ពុជាផងដែរ។

ក្នុងជំនួបនេះ លោក W. Patrick Murphy ក៏បានមានចម្ងល់ពាក់ព័ន្ធ នឹងការងារជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ តើមានដំណើរការដល់ណា? និងពាក់ព័ន្ធនឹងការអនុវត្ត ការតាមដានត្រួតពិនិត្យ វាយតម្លៃនៃការអនុវត្តក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDG) ឆ្នាំ២០១៩-២០៣០ តើក្រសួងផែនការ មានតម្រូវការលើអ្វីខ្លះ ពីសហរដ្ឋអាមេរិកតាមរយៈអង្គការ UNDP ?

ជាការឆ្លើយតបលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានបញ្ជាក់ថា ការងារជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ យើងបានដំណើរការជិតសព្វគ្រប់ហើយ ដោយយើងបានធ្វើការប្រកាស ផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ន កាលពីខែសីហា ឆ្នាំ២០១៩ ហើយនឹងគ្រោងប្រកាសលទ្ធផលជាផ្លូវការ នាខែកក្កដា ឆ្នាំ២០២០នេះ។

សម្រាប់ការអនុវត្ត ការតាមដានត្រួតពិនិត្យ វាយតម្លៃនៃការអនុវត្តក្របខណ្ឌគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDGs) ឆ្នាំ២០១៩-២០៣០ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន មានការត្រេកអរ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយ UNDP ដែលតាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសម្រេចបាននូវរបាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តឆ្នាំ ២០១៩ ដែលបានបង្ហាញនូវវេទិកានយោបាយកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិ កាលខែកក្កដា ឆ្នាំ២០១៩ ជាមួយគ្នានេះ លោក ឆាយ ថន បានស្នើដល់សហរដ្ឋអាមេរិក ជួយផ្តល់នូវកិច្ចសហប្រតិបត្តិការ ពង្រឹង និងកសាងសមត្ថភាពធនធានមនុស្ស របស់កម្ពុជាផងដែរ។

ក្នុងជំនួបនោះដែរ សមភាគីទាំងពីរបានប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងផែនការ ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតរួមមាន UNFPA, UNICEF ផងដែរ៕