(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី០៦ ខែមករានេះ បានអនុញ្ញាតឱ្យលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង ។

លោករដ្ឋមន្ត្រី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអាមេរិក អំពីការវិវឌ្ឍរីកចម្រើនលើវិស័យធនធានទឹក និងឧតុនិយម នៅកម្ពុជា ។ តាមរយៈការរីកចម្រើននេះ បានបង្កលក្ខណៈឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលកាន់តែប្រសើរឡើង ។

ជាក់ស្តែងដូចជានៅក្នុងឆ្នាំនេះ បើទោះបីកម្ពុជាទទួលរងឥទ្ធិពលពីបាតុភូត អែល នីណូ ដែលធ្វើឲ្យអាកាសធាតុក្តៅហួតហែង ហើយរបាយទឹកភ្លៀងមានសភាពរអាក់រអួល ប៉ុន្តែដោយសារហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ទើបធ្វើឱ្យការងារបង្កបង្កើនផលស្រូវវស្សាទទួលបានលទ្ធផលល្អ ហើយបច្ចុប្បន្នបងប្អូនប្រជាកសិករមួយចំនួនកំពុងបន្តដាំដុះស្រូវប្រាំងបន្ថែមទៀត។

លោករដ្ឋមន្ត្រីបានជម្រាបជូន លោកឯកអគ្គរដ្ឋទូតទៀតថា បច្ចុប្បន្ន ក្រសួងបាន និងកំពុងបន្តខិតខំ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្របន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹករបស់ប្រជាកសិករក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ។ ជាមួយគ្នានេះ ក្រសួងក៏កំពុងរៀបចំចងក្រងនូវទិន្នន័យផ្សេងៗពាក់ព័ន្ធនឹងវិស័យទឹក និងឧតុនិយម ដើម្បីជាមូលដ្ឋានបច្ចេកទេស សម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ របស់យុវជនជំនាន់ក្រោយ ។

លោករដ្ឋមន្ត្រី ក៏បានសំណូមពរចំពោះលោកឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាពជួយដល់ក្រសួងធនធានទឹក និងឧតុនិយម ពិសេសលើការងារបច្ចេកទេស។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសំដែងនូវការថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ឆ្លើយតបនឹងសំណូមពររបស់លោករដ្ឋមន្ត្រីក្រសួងធនធានទឹក លោកឯកអគ្គរដ្ឋទូត នឹងពិនិត្យលទ្ធភាពដើម្បីសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ពិសេសលើផ្នែកបច្ចេកទេស ៕