(ពោធិ៍សាត់)៖ អគារអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលខេត្តសាលាពោធិ៍សាត់ ដែលទើបស្ថាបនារួច រួមទាំងអគារអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីខេត្ត២៤ផ្សេងទៀត គ្រោងនឹងដាក់សម្ពោធឲ្យដំណើរការជារួម នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់ សេវារដ្ឋបាល ស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលអង្គភាពFresh News ទទួលបាននាល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ។

នេះគឺជាមោទនភាពសម្រាប់ខេត្តពោធិ៍សាត់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជ្រើសរើសដើម្បីសម្ពោធជារួម នូវអគារច្រកចេញចូលតែមួយរដ្ឋបាលរាជធានីខេត្តទាំង២៥។

ទន្ទឹមនឹងការសម្ពោធជារួមនោះ សំណង់អគារក្រុមប្រឹក្សាខេត្តពោធិ៍សាត់ វេទិកាជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាដ៏ទៃទៀត ក៏នឹងត្រូវលេចវត្តមានព្រមគ្នា ទៅតាមរចនាបទខ្មែរ ក្រោមម្លប់នៃសុខសន្តិភាព ដែលរកបានដោយកម្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

គួរបញ្ជាក់ថា សេវារដ្ឋបាល ដែលអង្គភាពច្រកចេញចូលតែមួយ នៅរដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានផ្តល់ជូនប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងវិស័យចំនួន១៤ រួមមាន៖

១៖ ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)
២៖ ការងាររដ្ឋបាល
៣៖ វិស័យសុខាភិបាល
៤៖ វិស័យទេសចរណ៍
៥៖ វិស័យសាធារណៈការ និងដឹកជញ្ជូន
៦៖ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៧៖ វិស័យព័ត៌មាន
៨៖ វិស័យបរិស្ថាន
៩៖ វិស័យឧស្សាហកម្ម និងសិប្បកម្ម
១០៖ វិស័យរ៉ែ និងថាមពល
១១៖ វិស័យពាណិជ្ជកម្ម
១២៖ វិស័យកសិកម្ម
១៣៖ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
១៤៖ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី៕