(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃខួប៤១ឆ្នាំ ទិវាជ័យជម្នះ៧មករា បានចាត់ទុកថ្ងៃជ័យជម្នះ ៧មករា គឺជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ ជាថ្ងៃដែលប្រជាជាតិខ្មែរបានក្រោកឈរឡើងវិញ និង បានធ្វើដំណើរទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវ ប្រកបដោយភាពជាម្ចាស់ លើជោគវាសនារបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ៤១ឆ្នាំកន្លងទៅនេះ គឺ៤១ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជម្នះ ហើយការពុះពារប្តូរផ្តាច់របស់កម្ពុជា ក្នុងរយៈពេល៤១ឆ្នាំនេះ បានកែប្រែមាតុភូមិកម្ពុជា ពីគំនរផេះផង់ឲ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ ប្រកបដោយមោទនភាពបំផុត។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងមីទ្ទីងរំលឹកខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) នៅកោះពេជ្រ ដែលមានការចូលរួមពីប្រជាពលរដ្ឋជាង៣ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃ៧មករា ឆ្នាំ២០២០នេះ ជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំ របបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុត បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

សម្តេចតេជោបន្ថែមតថា ប្រជាជនកម្ពុជានៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស កំពុងអបអរសាទរយ៉ាងក្លៀវក្លា នូវខួបអនុស្សាវរីយ៍នៃទិវាជ័យជម្នះ ជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធធ្វើពលិកម្ម យ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

ជាមួយនឹងការអបអរខួបលើកទី៤១ឆ្នាំនេះ សម្តេចក៏បានថ្លែងនូវការសោកស្តាយ និងគោរពចំពោះវិញ្ញាណក្ខ័ន្ធជន រួមជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិត ទៅយ៉ាងអយុត្តិធម៌បំផុត ដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខ័ន្ធ របស់លោកអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដរាប។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ក្នុងពេលបច្ចុប្បន្ននេះ ទោះបីប្រជាជនកម្ពុជាកំពុង បានរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍក្តីក៏ យើងទាំងអស់គ្នានៅតែចងចាំជានិច្ច នូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិ ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុត។ រដ្ឋប្រហារនៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ បានធ្វើឲ្យមាតុភូមិយើងដែលជា «កោះសន្តិភាព» ត្រូវធ្លាក់ចូលក្នុងភ្លើងសង្គ្រាមពេញទំហឹងដែលបានដុត បំផ្លាញមាតុភូមិដ៏ស្រស់ស្អាតរបស់យើង និងបង្កទុក្ខសោក និងការបាត់បង់ដែលពុំអាចគណនាបាន។

បន្ទាប់ពីសង្គ្រាម៥ឆ្នាំ កម្ពុជាបានបន្តធ្លាក់ចូលក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ថែមទៀត ដែលបង្កឡើងដោយពួកឃាតករ ប៉ុល ពត ធ្វើឲ្យមាតុភូមិកម្ពុជា ត្រូវបំផ្លាញខ្ទេចដល់ចំណុចសូន្យ។ ប្រជាជនកម្ពុជាជាង៣លាននាក់ ត្រូវសម្លាប់រង្គាលយ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវ គេយកទៅសម្លាប់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ថា បើគ្មានរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ហើយនិរន្តរភាពជាតិក៏មិនត្រូវកាត់ផ្តាច់ ប្រជាជនកម្ពុជានឹងបានបន្តរស់ក្នុងសន្តិភាព និងភាពសម្បូរសប្បាយ។

សម្តេចបានលើកឡើងថា ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ ដែលភៀសខ្លួនរួចផុតពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានបន្តធ្វើការតស៊ូរំដោះជាតិ ប្រកបដោយវីរភាព ហើយបានប្រមូលផ្តុំរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការ ប្រយុទ្ធសង្គ្រោះប្រទេសជាតិ ពីរបបដ៏យង់ឃ្នងនេះ។

រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនគ្រប់ទិសទី និងបានទទួលការជួយ ឧបត្ថម្ភដ៏ធំធេងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើសកលលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះ ដ៏ត្រចះត្រចង់ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ ៧មករា បានសង្គ្រោះអាយុជីវិត ប្រជាជនពីការកាប់សម្លាប់បានទាន់ពេលវេលា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ហើយបានធ្វើឲ្យតម្លៃខាងស្មារតី និងសម្ភារ របស់ប្រជាជាតិខ្មែរ ដែលបានកសាងពូនផ្តុំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ របស់ខ្លួនបានរស់ឡើងវិញ។

សម្តេចបានថ្លែងថា «លើមូលដ្ឋានជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញ នូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជម្នះ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ ប្រវត្តិសាស្ត្រ»

សន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានកំណើនខ្ពស់ ប្រមាណ៧.១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។ កំណើននេះត្រូវបានគាំទ្រដោយកំណើន ល្អប្រសើរនៃវិស័យសេវាកម្ម និងកំណើនខ្ពស់នៃវិស័យឧស្សាហកម្ម ថ្វីបើវិស័យកសិកម្មនៅបន្តមានកំណើនទាបក្ដី។ ស្ថិរភាពនយោបាយ បានផ្តល់ទំនុកចិត្តដល់វិនិយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេសក្នុងការបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យសំណង់ និងកម្មន្តសាល។ ព្រមជាមួយនេះ ការប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។

ឈរលើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ច និងការបែងចែកផ្លែផ្កា នៃកំណើនដោយសមធម៌ ក្នុងក្របខណ្ឌសង្គមទាំងមូល ធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់ តែមានភាពប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១៥៤៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១៦៧៩ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម១០% នាបច្ចុប្បន្ន។ ម្យ៉ាងទៀត កម្ពុជារក្សាបានសន្តិសុខការងារ ដោយអត្រាគ្មានការងារមានប្រមាណ០.៣% ប៉ុណ្ណោះ។

រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ តាមរយៈនេះ រាជរដ្ឋាភិបាលបានផ្តល់ប្រព័ន្ធគាំពារចំនួន២រួមមាន៖ ប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារដល់ប្រជាជន ដែលរស់នៅក្រោម និងក្បែរបន្ទាត់ភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គមផ្តល់ការគាំពារហានិភ័យ លើផ្នែកសោធនថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និង ពិការភាពដល់ក្រុមប្រជាជន នៃវិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។

រាជរដ្ឋាភិបាលបានផ្តល់ ប្រាក់ឧបត្ថម្ភជូនកម្មការិនី ដែលបានសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ហើយ បានដាក់ឲ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាព ដើម្បីសម្រាលបន្ទុកលើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារ។

រាជរដ្ឋាភិបាលក៏បានសម្រេចបង្កើត មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព និងមិនគិតថ្លៃដល់កុមារកម្ពុជា។ មន្ត្រីរាជការ
និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងបៀវត្សចាប់ពីខែមករា និងខែមេសាឆ្នាំ២០២០នេះ។ ចំពោះកម្មករនិយោជិតដែលកំពុងតែបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងបានទទួលប្រាក់ឈ្នួលអប្បបរមា១៨២ ដុល្លារអាមេរិក និងត្រូវបានដំឡើងដល់១៩០ដុល្លារអាមេរិក ចាប់ពីខែមករាឆ្នាំ២០២០នេះ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជាពិសេសផលប្រយោជន៍ ដែលបានទទួលពីការអនុវត្តគោលនយោបាយជាតិគាំពារសង្គម។

រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដល់ការលើកស្ទួយជីវភាពប្រជាកសិករ ជាពិសេស តាមរយៈការជំរុញផលិតកម្ម ការខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល។

នៅក្នុងដំណើរការអភិវឌ្ឍន៍ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានបង្កើនជាបន្តបន្ទាប់ នូវមូលនិធិឃុំសង្កាត់ ហើយក្នុងឆ្នាំ២០២០នេះ ឃុំសង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមប្រមាណ ១២២,០០០ដុល្លារ ក្នុងនោះថវិកាសម្រាប់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានប្រមាណ៧០,០០០ដុល្លារ ហើយថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាននេះ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ។ រហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមជាង១៣២,០០០ដុល្លារ ។ ជាមួយគ្នានេះ ការបញ្ចុះថ្លៃ និងពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ការបន្ធូរបន្ថយពន្ធ និងការអនុគ្រោះពន្ធលើប្រភេទពន្ធមួយចំនួន បាននិងកំពុងផ្តល់គុណប្រយោជន៍ជូនប្រជាជនទូទៅ ដែលនៅមានប្រាក់ចំណូលទាប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំការប្រយុទ្ធតស៊ូ សង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍បានឋិតនៅរួម សុខរួមទុក្ខជានិច្ចជាមួយប្រជាជន ធ្វើជាបង្អែករបស់ប្រជាជន នៅគ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ទៀតថា «ច្បាស់ណាស់ថា ផ្លូវទៅមុខនឹងនៅតែមានឧបសគ្គច្រើនទៀត ប៉ុន្តែគ្មានឧបសគ្គណាអាចមករារាំងដំណើរ របស់ជាតិយើងបានឡើយ ឲ្យតែយើងរក្សាបាននូវឯកភាពជាតិ រួមគ្នាបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹម ត្រូវនេះទៅមុខទៀត។ យើងជឿជាក់លើកម្លាំងនៃការប្រឹងប្រែងរបស់យើង ហើយចងចាំថា គឺកត្តាផ្ទៃក្នុងនោះហើយ ដែលជាកត្តាកំណត់នៃជ័យជម្នះ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញា ដាច់ខាតក្នុងការការពារសន្តិភាព ដែលយើងសម្រេចបាន មកដោយលំបាកជាទីបំផុតនោះឲ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច មិនអនុញ្ញាតឲ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។ មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានា ដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃ ដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់ អ្វីៗទាំងអស់»

ក្នុងឱកាសប្រារព្ធខួបអបអរនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការគោរព និងដឹងគុណ ចំពោះជនរួមជាតិទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស ដែលបានផ្តល់ការគាំទ្រ និងជំនឿយ៉ាង មុតមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤១ឆ្នាំកន្លងទៅនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្តអំពាវនាវដល់ជនរួមជាតិទាំងមូល សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងម្លប់ដ៏ត្រជាក់នៃអង្គ ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីឈានឆ្ពោះទៅរកអនាគតដ៏រុងរឿង។

សម្តេចតេជោ ក៏បានថ្លែងនូវការគោរព និងវាយតម្លៃខ្ពស់ ចំពោះបណ្តាគណបក្សនយោបាយ និងអង្គការនានានៃសង្គមស៊ីវិល ដែលបានធ្វើសកម្មភាពយ៉ាងច្រើន ចូលរួមដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ការលើកស្ទួយអធិបតេយ្យជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋ និងការអភិវឌ្ឍ ហើយបានផ្តល់នូវទស្សនៈ និងមតិជាច្រើនក្នុងស្មារតីស្ថាបនា ជាគុណប្រយោជន៍ដល់ការដឹកនាំ របស់រាជរដ្ឋាភិបាល។

សម្តេចក៏បានថ្លែងអំណរគុណ ចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍រៀងរហូតមក ហើយដែលកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាដើម្បីបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕