(កំពង់ឆ្នាំង)៖ ការប្រារព្ធធ្វើបុណ្យជាតិរំលឹកខួបអនុស្សាវរីយ នៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ដែលធ្វើនៅសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល នៅខេត្តកំពង់ឆ្នាំង ក្នុងពេលនេះ គឺបញ្ជាក់ឲ្យឃើញថា កម្ពុជាមានសុខសន្តិភាពពេញ លេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងនៅក្នុងទីប្រជុំជន និងតំបន់ជនបទដាច់ស្រយាល។

ពិធីដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ប្រជាពលរដ្ឋដែលចូលរួមបានលើកឡើងថា «ពិតណាស់ក្នុងពេលយើង ទទួលបានសុខសន្តិភាព ពេញលេញលើផ្ទៃប្រទេស ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានពុះពារគ្រប់ឧបសគ្គ ក្នុងការការពារសន្តិភាព ដែលបានមកដោយលំបាកនេះ និងខិតខំអភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យផងដែរ»

នៅក្នុងទឹកដីខេត្តកកំពង់ឆ្នាំង ក៏មិនខុសពីក្រុង រាជធានី ខេត្តដ៏ទៃក្នុងផ្ទៃប្រទេសទាំងមូលនោះទេ ក្រោមការដឹកនាំរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត សមិទ្ធផលនានាគ្រប់ទីកន្លែង បានរីកដុះដាលលឿនឆាប់រហ័ស ទាំងនៅក្នុងទីក្រុងកំពង់ឆ្នាំង និងនៅតាមបណ្តាស្រុកទាំង៧ ជាពិសេសក្រុងកំពង់ឆ្នាំង បានក្លាយជាក្រុងមួយដែលមានហេដ្ឋារចនាសម្ព័ន ទាំងផ្លូវថ្នល់ សួនច្បារ សាលារៀន ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង ការតាំងលម្អរភ្លើងពណ៌តាមសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បានធ្វើឲ្យក្រុងកំពង់ឆ្នាំង មិនចាញ់រាជធានីភ្នំពេញឡើយ ពិសេសនៅតាមទីជនបទនានា ប្រព័ន្ធ ធារាសាស្រ្តជាច្រើន ត្រូវបានកសាងឡើងយ៉ាងសំបូរបែបដែលធ្វើឲ្យការស្រោចស្រពស្រូវស្រែរបស់ប្រជាពលរដ្ឋ ដោយមិនមានការខ្វះខាត់ឡើយ។

ប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបវាលពិឃាត និងគុកឥតជញ្ជាំងពោរ ពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានចាត់ទុកថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ នៃការរស់ឡើងវិញរបស់ខ្លួន បានលើកឡើងថា ប្រសិនបើមិនមានថ្ងៃ៧ មករាទេនោះ ប្រទេសកម្ពុជា ក៏មិនមានសុខសន្តិភាព មានការអភិវឌ្ឍ និងរីកចម្រើន ហើយប្រជាជនក៏មិនមានភាពសម្បូរណ៍សប្បាយ ដូចសព្វថ្ងៃនេះដែរ។

ដោយឡែកឆ្នាំនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេចប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ៧ មករា នៅក្នុងឆ្នាំ២០២០នេះ ជាលក្ខណៈទ្រង់ទ្រាយធំ ដោយមានប្រជាពលរដ្ឋចូលរួមជិត១ម៉ឺននាក់ ជាមួយការបង្ហាញសិល្បៈនានាទូទាំងខេត្ត ដែលបង្ហាញពីសក្តានុពល និងការអភិវឌ្ឍ នៅក្នុងតំបន់ភូមិសាស្ត្រនីមួយៗ ក្នុងខេត្តផងដែរ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងឥស្សរជនសំខាន់ៗ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ មានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំក្រោមជាតិជាច្រើននារូបទៀតផងដែរ។

បើតាមគណៈកម្មការរៀបចំបុណ្យជាតិខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង មានការរៀបចំទិវារំលឹកថ្ងៃចងចាំ របស់ប្រជាជនកម្ពុជានេះ ជាលក្ខណៈទ្រង់ទ្រាយធំបន្ទាប់ពីកម្ពុជាត្រូវបានរំដោះខ្លួន ពីការកាប់សម្លាប់ប្រល័យពូជសាសន៍ ដោយរបប ប៉ុល ពត ក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះ៕