(កណ្តាល)៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

អង្គពិធីនេះ ក៏មានការចូលរួមពីសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកពញាឮ, គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងស្រុកពញាឮ ព្រមទាំងបណ្តាឃុំក្នុងស្រុកពញាឮ យ៉ាងច្រើនកុះករផងដែរ។

ក្រោយពីបានស្តាប់នូវខ្លឹមសារស្នូលសំខាន់ នៃទិវាជ័យជម្នះ ៧មករា និងលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលជម្រាបជូនដោយលោករដ្ឋមន្រ្តីរួចមក អង្គពិធីបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ទិវាជ័យជម្នះ៧ មករា ដែលបានធ្វើឲ្យប្រទេសជាតិ និងប្រជាជន មានជីវិតរស់រានឡើងវិញ និងក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព។

អង្គពិធីបានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លា ថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណសន្តិភាព ព្រោះមានសន្តិភាព ទើបយើងមានអ្វីៗ ដូចសព្វថ្ងៃនេះ។

ដើម្បីជាចំណងដៃ សម្រាប់ឆ្នាំថ្មីនេះ រដ្ឋមន្ត្រី លឹម គានហោ បានផ្តល់ផ្លូវក្រាលកៅស៊ូ ប្រវែង១២គីឡូម៉ែត្រ នៅក្នុងឃុំចំនួន៣ របស់ស្រុកពញាឮ និងសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មី នៅស្រុកពញាឮផងដែរ៕