(ព្រៃវែង)៖ ថ្លែងក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២០) នៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង លោក ជាម ប៉េអា បានលើកឡើងថា សន្តិភាព ធានានូវគុណភាពជីវិតរស់នៅរបស់ប្រជាជន។

ក្នុងមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករានេះ ក៏មានការចូលរួមពីនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស នៅក្នុងស្រុកស៊ីធរកណ្តាល ប្រមាណ១,២០០នាក់ ដោយមានការរៀបចំកម្មវិធីអបអរសាទរមួយចំនួន រួមមាន ការប្រកួតប្រឡងចម្រៀង ចូលរួមអបអរសាទរខួបជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ លើកទី៤១។

អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង លោក ជាម ប៉េអា បានថ្លែងលើកទឹកចិត្ត ប្រជាពលរដ្ឋឲ្យខិតខំសាមគ្គីគ្នា និងចូលរួមថែរក្សាសុខសន្តិភាព ដែលរកបានដោយកម្រ នាពេលនេះ។ អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង បានបន្ថែមថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បាននិងកំពុងរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍ ហើយយើងទាំងអស់គ្នា នៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិ ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងបំផុត។

ឱកាសថ្លែងនៅក្នុងពិធីនេះ អ្នកតំណាងរាស្ត្រ ជាម ប៉េអា និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានអបអរសាទរយ៉ាងក្លៀវក្លារ និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំប្រឹងប្រែងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិសុខយ៉ាងលំបាក និងធានាការអភិវឌ្ឍន៍លើគ្រប់វិស័យជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ។

ក្រោមការដឹកនាំរបស់សម្តេចទាំងបួន អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង លោក ជាម ប៉េអា និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានមើលឃើញថា វឌ្ឍនភាពជាតិក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះ និងបង្ហាញនូវទស្សនចក្ខុវិស័យដ៏មុតស្រួច ក្នុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រើយវឌ្ឍនភាព និងវិបុលភាពជានិច្ចនិរន្តរយ៉ាងប្រាកដ៕