(ក្រចេះ)៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ បានប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃជ័យជម្នះ០៧ មករា (១៩៧៩- ២០២០) ក្នុងន័យរំលឹកដឹងគុណណូបការៈកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានធ្វើកាពលីជីវិតសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកនូវសន្តិភាព សេរីភាព ជូនជាតិមាតុភូមិ។

ថ្ងៃជ័យជម្នះ ៧មករា ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានរួចផុតពីចង្កូមមច្ចុរាជនៃរបបកម្ពុជាប្រជាធិបតេយ្យ របបដឹកនាំដោយក្រុមប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សែនឃោរឃៅបំផុត។

ពិធីខួបនេះធ្វើឡើងក្រោមអធីបតីភាពលោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ រួមទាំងមានលោក លោកស្រី អ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ក្នុងខេត្ត រួមនឹងការចូលរួមពីប្រតិភូប្រទេសវៀតណាមខេត្ត ប៉ិញភឿក និងខេត្ត ប៉ិញយឿង ផងដែរ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឡើងអានសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ដោយបានបញ្ជាក់ពីការអរគុណ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគ្នាថែរក្សា និងការពារនូវសុខសន្តិភាព សេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ជូនប្រទេសកម្ពុជាដែលមាន រយៈពេល៤១ឆ្នាំ ហើយក៏ជាប្រវត្តិសាស្រ្តនៃការដឹកនាំប្រទេស យូរជាងគេនៃប្រទេសលើពិភពលោក។ ម្យ៉ាងវិញទៀត ក៏សូមអរគុណចំពោះការចូលរួមគោរព និងអនុវត្តន៍តាមអនុសាសន៍នូវពាក្យស្លោក «អរគុណសន្តិភាព»។

លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានថ្លែងថា ថ្ងៃជ័យជម្នះ០៧ មករា ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាពិសេសគឺវីរកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានបន្ថែមថា ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសបានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជន កម្ពុជា ជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ផ្តើមចេញពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះហើយ ដែលបានធ្វើឱ្យ ប្រជាជនកម្ពុជារស់រានមានជីវិតជាថ្មី និងជាជំហាននាំឱ្យជាតិកម្ពុជា វិវឌ្ឍន៍ពីសភាពជានរកអវចីយ មកជាប្រទេសមានការរីកចម្រើន និងវឌ្ឍនភាពដ៏ចាំងចែង ដូចពេលបច្ចុប្បន្ន។

ក្នុងរយៈពេល៤១ឆ្នាំក្រោយការដួលរលំ នៃរបបខ្មែរក្រហម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សមិទ្ធិផលជាតិច្រើន ឥតគណនាបានកើតឡើង។ ជាតិកម្ពុជាបានប្រែក្លាយពីប្រទេសខ្ទេចខ្ទាំ ប្រែក្លាយពីគំនរផេះផង់មកជាទឹកដីមានការរីកចម្រើនរស់រវើក ស្រស់បំព្រង និងកំពុងបោះជំហាន ទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង៕