(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប ទី៤១ នៃទិវាជ័យជម្នះ ០៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) នៅស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងពិធីនេះ ក៏មានការនិមន្ដ និងអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមការងារខេត្ត ស្រុក ឃុំ មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ យុវជនកាយឬទ្ធិ យុវជនកាកបាតក្រហម យុវជនសហភាពសហព័ន្ធ សិស្ស និសិត្ស ព្រះសង្ឃ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ទិវាជ័យជម្នះ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាព នៃជ័យជម្នះរបស់កងទ័ពតស៊ូ ក្រោមការដឹកនាំដោយសម្ដេច ជា ស៊ីម, សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពញាចក្រី ហេង សំរិន ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានសម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។

លោក សៅ សុខា បានអះអាងទៀតថា ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដ សម្រាប់កម្ពុជាទាំងមូល។ ដូច្នេះបងប្អូនជនរួមជាតិ ត្រូវអរគុណសន្តិភាព ចូលរួមថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា។

លើសពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សានូវប្រពៃណី សាមគ្គីភាព ឯកភាពជា ក្រោមដំបូលនៃសុខសន្តិភាព និងសូមឲ្យបងប្អូនប្រជាកសិករ ខិតខំដាំបន្លែដែលគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុងខេត្ត និងក្រៅខេត្ត៕