(ភ្នំពេញ)៖ នៅរបបខ្មែរក្រហមពីឆ្នាំ១៩៧៥-១៩៧៩ បើនិយាយពីការស្លៀកពាក់ត្រូវបានកំណត់ឲ្យប្រជាជនទាំងប្រុស-ស្រី, ចាស់-ក្មេង ស្លៀកពាក់ខ្មៅដែលគេហៅថា «របបខោខ្មៅអាវខ្មៅ»។ ហេតុអ្វីរបបខ្មែរក្រហមស្លៀកពាក់ខ្មៅ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បើនិយាយពីរបបខ្មែរក្រហម កំណត់ឲ្យប្រជាជនស្លៀកពាក់ខ្មៅ ឬហៅថា «របបខោខ្មៅអាវខ្មៅ» ពីព្រោះសម្លៀកបំពាក់ពណ៌ខ្មៅនេះ គឺវាមានអត្ថន័យយ៉ាងជ្រោលជ្រៅណាស់ នៅក្នុងអារ្យធម៌ខ្មែរ ព្រោះមានទំនាក់ទំនងទៅនឹងប្រព័ន្ធជំនឿរបស់ខ្មែរមួយ តាំងពីបរមបុរាណមក។ បានន័យថាចំពោះ សម្លៀកបំពាក់ខ្មៅនេះ គឺជាសម្លៀកបំពាក់របស់ពពួកអរូបមួយចំនួន ដែលរស់នៅក្នុងព្រៃជ្រៅ ហៅថា «បង់បត់» ដែលជាពពួកអរូបទៀងត្រង់ មិនកាន់សីលតែក៏មិនឲ្យដាច់សីលនោះដែរ។

ឧបមាថាបើគេឈឺចំថ្ងៃសីល ហើយតម្រូវឲ្យផឹកស្រាដើម្បីព្យាបាលនោះ គឺគេមិនប្រកែកទ្បើយ។ ប៉ុន្ដែបើពួកគេធ្វើអំពើល្អហើយ នៅតែមានអ្នកតាមព្យាបាទមិនចេះចប់ដោយប្រការណាមួយ ពួកគេក៏តបតវិញទៅពួកអាក្រក់នោះទៅតាមប្រការនោះវិញដែរ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើហេតុនេះចំពោះអ្វីដែលពាក់ព័ន្ធទៅនឹងពពួកអរូបខាងលើ ហើយដែលយើងតែងឃើញនោះមានដូចជា នៅតំបន់ខេត្ដសៀមរាប ឬតំបន់ផ្សេងៗនៃប្រទេសកម្ពុជា នៅពេលមានការចូលរូប ឬរូបសណ្ឋិតច្រើនតែស្លៀកពាក់ខ្មៅ គឺដូចសម្លៀកបំពាក់របស់អ្នកស្រែចំការបេះបិទ។ ឬជូនកាលខ្លះទៀត ចំពោះប្រព័ន្ធជំនឿពពួកបង់បត់ទំាងនេះ ក៏បានប្រែក្រទ្បាខ្លួនជាមនុស្សស្រស់ៗតែម្ដង ដោយស្លៀកពាក់ខ្មៅហើយដែលអ្នកដើរព្រៃ ឬអ្នកធ្វើធម៌នៅតាមព្រៃភ្នំបានជួបប្រទះ ហើយដែលយើងតែងពោលថាអ្វីដែលគេឃើញ គឺជាការស្រមៃ ឬជាការស្រវំាងភ្នែកជាដើម។

បើដូចនេះចំពោះសម្លៀកបំពាក់ពណ៌ខ្មៅ ក្រៅពីអ្នកស្រែចំការ គឺខ្មែរក៏បានប្រើប្រាស់ពណ៌នេះក្នុងកិច្ចពិធីផ្សេងៗផងដែរ។ ក្នុងនោះ ការប្រើប្រាស់ពណ៌ខ្មៅ ត្រូវបានខ្មែរសម័យដើមយកសម្លៀកបំពាក់ចាស់ៗ ដែលមានពណ៌ស្រអាប់មិនល្អ យកទៅជ្រលក់ម៉ាក់ឃ្លឿឲ្យខ្មៅដើម្បីប្រើប្រាស់បានយូរតទៅទៀត។ រីឯសំពត់ខោអាវខ្មៅស្រាប់វិញ នៅពេលស្រអាប់ពណ៌គេតែងយកសំពត់ខោអាវខ្មៅនោះ ទៅជ្រលក់ម៉ាក់ឃ្លឿបន្លែមទៀត។

បើដូច្នេះចំពោះរបបខ្មែរក្រហម ដែលបានកំណត់ប្រជាជនឲ្យស្លៀកពាក់ខ្មៅនេះ គឺពួកខ្មែរក្រហម ពិតជាបានស្គាល់អំពីអត្ថន័យ និងប្រព័ន្ធជំនឿខ្មែរក្នុងការប្រើប្រាស់ពណ៌នេះយ៉ាងច្បាស់៕

ដោយ៖ រ័ត្ន សណ្តាប់