(ព្រះសីហនុ)៖ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ចុះឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចរថយន្ដរបស់ជនជាតិចិន ខណៈពេលដែលជនរងគ្រោះ ចុះពីរថយន្តទៅទិញផ្លែឈើ ដោយមិនបានពន្លត់រថយន្ត។ ខណៈដែលព្យាយាមបើករត់គេច បុរសរូបនោះ ក៏បានបុកទំលុះកន្លែងត្រួតពិនិត្យ របស់កម្លាំងសមត្ថកិច្ចទៀតផង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់មកអង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ ឲ្យដឹងថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៣៖៣០នាទី នៅចំណុចក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីលួចរថយន្ត១គ្រឿង ម៉ាក ហាយលែនឌឺ ពណ៌ត្រាវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-7810 របស់ជនជាតិចិន ១នាក់ ភេទប្រុស ក្នុងខណៈពេលដែលជនរងគ្រោះ ចុះពីរថយន្តទៅទិញផ្លែឈើដោយមិនបានពន្លត់រថយន្ត។ ជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្ថែមទៀតថា បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការគ្នា ធ្វើការរុករក និងដាក់កម្លាំងស្ទាក់ចាប់ នៅតាមគោលដៅសំខាន់ៗ និងតាមបណ្តោយផ្លូវជាតិលេខ៤។

រហូតដល់វេលាម៉ោង ០០៖៣០នាទីយប់ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបានបើករថយន្ត ដែលលួចបាននោះសំដៅទៅរាជធានីភ្នំពេញ ពេលដល់ស្រុកព្រៃនប់ ក៏ឆ្លងកាត់កន្លែងត្រួតពិនិត្យរបស់កម្លាំង សមត្ថកិច្ច ក៏នាំគ្នាស្ទាក់ ហៅអ្នកបើករថយន្តឲ្យឈប់ តែមិនព្រមឈប់ រួចបានបន្ថែមល្បឿនបុកទំលុះកន្លែងត្រួតពិនិត្យ របស់កម្លាំងសមត្ថកិច្ច (តែមិនបណ្តាលឲ្យគ្រោះថ្នាក់កម្លាំងសមត្ថកិច្ចទេ ដោយសារបានត្រៀម លក្ខណៈជាមុន) ហើយបានបើករថយន្តដេញ តាមរហូតស្ទាក់ចាប់ឃាត់ខ្លួន បានជនសង្ស័យតែម្តង។

ជនរងគ្រោះឈ្មោះ WANG QIFU ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បាត់បង់៖ រថយន្ត១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ត្រាវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-7810។ ជនសង្ស័យឈ្មោះ សុវណ្ណ សេងលៀង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបាន៖ រថយន្ត១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ត្រាវ ពាក់ស្លាកលេខព្រះសីហនុ 2A-7810 (ផលនៃអំពើលួច)។

ចំពោះករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕