(ភ្នំពេញ)៖ ៧ មករា ២០២០ ជារយៈពេល៤១ឆ្នាំហើយ ដែលរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ខៀវ សំផត អ៊ាង សារី និង នួន ជា បានដួលរលំក្រោមចលនាតស៊ូអ្នកតស៊ូខ្មែរ ដែលមានបង្អែកពីកងទ័ពវៀតណាម។ ប្រជាពលរដ្ឋខ្មែរ រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែបានប្រារព្ធពិធីយ៉ាងអធិកអធមសម្រាប់ថ្ងៃវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេប្រសិទ្ធនាមជារបបប្រល័យពូជសាសន៍នោះ។

ដូចនឹងបណ្តាឆ្នាំកន្លងទៅផងដែរ ប្រជាពលរដ្ឋខ្មែរប្រមាណជា ៣ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ដែលពួកគេចាត់ទុកជាថ្ងៃកំណើតទីពីរ។ ពិធីដ៏សែនមហោឡារិកអធិកអធមនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។

ក្រៅពីការជួបជុំនៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានា ក៏មានការប្រារព្ធពិធីអបអរសាទរថ្ងៃដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យនេះផងដែរ។ នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី បានបង្ហាញទឹកមុខស្រស់ស្រាយ ជាមួយស្នាមញញឹមពព្រាយជាការស្តែងឱ្យឃើញពីភាពរីករាយរបស់ពួកគេសម្រាប់ថ្ងៃជួយឱ្យជីវិតពួកគេបានរស់រានជាថ្មី។

របបកម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺជារបបមួយដែលបានធ្វើទុក្ខទារុណកម្ម បំបិទសិទ្ធិសេរីភាព និងកាប់សម្លាប់យ៉ាងឃោរឃៅជាទីបំផុត។ ប្រជាពលរដ្ឋខ្មែរចាស់ក្មេងជិត ២លាននាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបមួយនេះ ដោយសារតែការធ្វើទារុណកម្ម ការអត់ឃ្លាន ការឈឺស្កាត់ និងការកាប់សម្លាប់ក្រោមការចោទប្រកាន់ថាជាខ្មាំងនោះ។

ទុក្ខវេទនា ក្តីឈឺចាប់របស់ប្រជាពលរដ្ឋនៅក្នុងរបបប្រល័យពូជសាសន៍នេះ ទោះបីបានរសាត់បាត់ទៅអស់រយៈពេលប្រមាណ៤១ឆ្នាំទៅហើយក្តី។ តែក្តីវេទនា និងការឈឺចាប់ហួសប្រមាណនេះ នៅតែដក់ជាប់ជានិច្ចនៅក្នុងការចងចាំរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់នៅក្នុងរបបមួយនេះ។

លោកស្រី ពៅ សាមោច ជាប្រជាពលរដ្ឋខ្មែរមួយរូបដែលបានរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។ នៅក្នុងរបបនោះ លោកស្រី ត្រូវបានគេនាំទៅជាអ្នកដាំអំពៅនៅក្នុងខេត្តបាត់ដំបង។ លោកស្រី ពៅ សាមោច ដែលបច្ចុប្បន្នមានអាយុ៧១ឆ្នាំហើយនោះ បានប្រៀបប្រដូចជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតនោះ ដូចទៅនឹងជីវិតនៅក្នុងឋាននរក។

លោកស្រី បានរៀបរាប់ទៀតថា ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺរស់ទាំងភិតភ័យ និងមិនដឹងជាខ្លួនត្រូវគេយកទៅសម្លាប់នៅថ្ងៃណា? ក្រៅពីការចងចាំនូវទង្វើកាប់សម្លាប់គ្មានត្រាប្រណីហើយនោះ ការរស់នៅដោយអត់ឃ្លាន អង្ករ៣កំប៉ុងបបរមួយកន្ទះលាយជាមួយគល់ចេក ក៏ជាការចង់ចាំរបស់លោកស្រី ពៅ សាមោច ផងដែរ។

រឿងដែលលោកស្រី ពៅ សាមោច ចងចាំដែរនោះ គឺការបំបែកការរស់នៅរបស់ប្តីប្រពន្ធ និងកូនៗ ហើយសូម្បីតែការឈឺសមាជិកគ្រួសារមានជំងឺឈឺស្កាត់ ក៏មិនត្រូវបានគេអនុញ្ញាតឱ្យសួរសុខទុក្ខនោះដែរ។

រឿងដែលធ្វើឱ្យលោកស្រី ពៅ សាមោច នៅតែចងចាំដក់ជាប់មិនអាចបំភ្លេចបានដែរនោះ របបមួយនេះបានសម្លាប់បងប្អូនរបស់លោកស្រីអស់៤នាក់ រួមមានបង៣នាក់ និងប្អូនប្រុស១នាក់ ព្រោះតែការចោទប្រកាន់ថាជាមនុស្សក្បត់ជាមួយអង្គការ។

ពលរដ្ឋរងគ្រោះដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត មួយរូបទៀត គឺអ្នកស្រី ប៊ុន ស៊ីម ក៏នៅតែចងចាំមិនភ្លេចនោះឡើយ នូវទុក្ខវេទនាទាំងឡាយដែលកើតមានលើរូបអ្នកស្រី និងគ្រួសារនៅក្នុងរបបនោះ។ បច្ចុប្បន្នអ្នកស្រី ប៊ុន ស៊ីម មានអាយុ ៦២ឆ្នាំហើយ។ នៅក្នុងរបបខ្មែរក្រហមនោះ អ្នកស្រី និងគ្រួសារ ត្រូវបានគេជម្លៀសចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង។

អ្នកស្រី ប៊ុន ស៊ីម បានរងនូវទុក្ខទារុណកម្មមិនខុសពីប្រជាពលរដ្ឋដទៃទៀតនោះដែរ។ ព្រោះតែមិនអាចទ្រាំនូវទារុណកម្មដ៏សែនវេទនានោះ លោកស្រី ប៊ុន ស៊ីម បានគិតចង់សម្លាប់ខ្លួនថែមទៀតផង។ ប៉ុន្តែដោយសារតែអ្នកស្រីមានកូនតូច ក៏ចេះតែទ្រាំតស៊ូជម្នះជាមួយភាពវេទនាទាំងឡាយនៅក្នុងរបបមួយនេះ។

អ្នកស្រី បានរៀបរាប់យ៉ាងដូច្នេះ «ខ្លួនឯងអត់ចង់រស់នៅ ចង់សម្លាប់ខ្លួនឯង។ ប៉ុន្តែនឹកឃើញថា អាណិតកូនក៏ចេះតែតស៊ូ»

ស្ត្រីដែលបានហែលឆ្លងក្នុងរបបប្រល័យពូជសាសន៍ទាំងពីររូប មិនដែលនឹករំពឹងថា របបប្រល័យពូជសាសន៍មួយនេះត្រូវបានផ្តួលរំលំនោះទេ ហើយតែងតែបន់ព្រះសំពះទេវតាសុំឱ្យមានអ្នកតស៊ូវាយផ្តួលរំលំរបបមួយនេះ។

លោកស្រី ពៅ សាមោច បានរៀបរាប់ថា «ពេលមានទុក្ខវេទនាបន់អស់ហើយ។ រាល់ម៉ោងរាល់ពេលវេលា រាល់ដង្ហើមចេញចូល គឺបន់អស់ហើយ បន់ថាឱ្យមានអស់លោកណាមកសង្គ្រោះជីវិតប្រជាជនយើងទាំងអស់គ្នាឱ្យបានរស់រានមានជីវិត គឺដឹងគុណអស់មួយជីវិត។ ឱ្យតែមានបាយហូប មិនចង់មានអីទេ គឺចង់តែមានបាយហូបបានហើយ»

ទុក្ខវេទនា ការបំបិទសេរីភាព ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ត្រូវបានបិទបញ្ចប់បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានដួលរលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ថ្ងៃជ័យជម្នះ ៧មករា ត្រូវបានគេមើលឃើញថា ជាថ្ងៃសង្គ្រោះអាយុជីវិតប្រជាជនពីការកាប់សម្លាប់បានទាន់ពេលវេលា, បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ហើយបានធ្វើឱ្យតម្លៃខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរដែលបានកសាងពូនផ្តុំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ។ លើមូលដ្ឋានជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញនូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួន។

លោកស្រី ពៅ សាមោច និងអ្នកស្រី ប៊ុន ស៊ីម បានថ្លែងមិនដាច់ពីមាត់អរគុណដល់ថ្ងៃរំដោះ៧មករា។ ជនរងគ្រោះដែលមានជីវិតពីរបបខ្មែរទាំងពីររូបនេះ បានអះអាងថា បើគ្មានការរំដោះ៧មករា ពួកគាត់ប្រហែលជាមិនសល់ជីវិតនោះឡើយ។

ជ័យជម្នះថ្ងៃ៧មករា ដ្បិតថាមានប្រជាពលរដ្ឋខ្មែរជាច្រើនចាត់ទុកជាថ្ងៃរំដោះជីវិតរបស់ពួកគេឱ្យរួចផុតពីក្តីស្លាប់ និងទុក្ខវេទនាទាំងឡាយ។ តែក៏មា នមនុស្សមួយចំនួនបានព្យាយាមលើកឡើងថា ជ័យជម្នះ៧មករា ជាព្រឹត្តិការណ៍បើកផ្លូវឱ្យកងទ័ពវៀតណាឈ្លានពានកម្ពុជា។

លោកស្រី ពៅ សាមោច មិនបានយល់ដូចការលើកឡើងនេះឡើយ។ លោកស្រី ពៅ សាមោច បានមើលឃើញថា វត្តមានរបស់កងទ័ពវៀតណាម គឺធ្វើឡើងតាមរយៈអ្នកតស៊ូរបស់ខ្មែរ ហើយបើគ្មានវត្តមានរបស់ទ័ពវៀតណាម ក៏មិនអាចវាយផ្តួលរំលំរបបប្រល័យពូជសាសន៍បាននោះដែរ។

លោកស្រី សាមោច បានគូសបញ្ជាក់បែបនេះ «កុំបានកងទ័ពវៀតណាមជួយ ព្រោះអីទ័ពយើងមិនទាន់បានរឹងមាំផងហ្នឹង។ ទ័ពយើងមានតិចតួច បានវៀតណាមចូលមកហ្នឹងបានដេញអាពតបានហ្នឹង វៀតណាមជាមិត្តយើង ជួយយើងនៅឆ្នាំ៧៩ហ្នឹង»

ចាប់ពីពេលប្រទេសជាតិត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ រយៈពេល៤១ឆ្នាំមកនេះ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ឆ្លងកាត់បណ្តាដំណាក់កាលប្រវត្តិសាស្ត្រដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែងជម្នះនូវផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីសង្គ្រាមបំផ្លិចបំផ្លាញ និងរបប ប៉ុល ពត ខិតខំស្តារ កសាង និងអភិវឌ្ឍមាតុភូមិចេញពីគំនរផេះផង់ និងពុះពារស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ។

កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរៃពីទឹកដីដែលគ្មានសេរីភាពពីការបែកបាក់ជាតិ និងបែងចែកទឹកដី និងពីគំនរផេះផង់ ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យធ្វើឱ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត និងប្រកបដោយក្តីសង្ឃឹមចំពោះអនាគតរបស់ខ្លួននៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

លោកស្រី ពៅ សាមោច និងអ្នកស្រី ប៊ុន ស៊ីម បានមើលឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើទៅនឹងពេលវេលាទើបរំដោះចេញពីរបបប្រល័យពូជសាសន៍ដែលគ្មានអ្វីសោះនោះ។ ទាំងលោកស្រី ពៅ សាមោច និងអ្នកស្រី ប៊ុន ស៊ីម បានលើកឡើងថា ក្រោយពេលរំដោះប្រជាពលរដ្ឋនៅតែជួបគ្រោះអត់ឃ្លាន និងត្រូវហូបបបរលាយគល់ចេក គល់ល្ហុងក៏មាន។

ខុសពី៤១ឆ្នាំមុន កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនយ៉ាងខ្លាំងទាំងហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានភាពស៊ីវិល័យ។ នេះជាការបញ្ជាក់របស់លោកស្រី ពៅ សាមោច និងអ្នកស្រី ប៊ុន ស៊ីម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បើទោះបីថាកម្ពុជា បានជម្នះការលំបាកទាំងឡាយ ដើម្បីនាំមកនូវវឌ្ឍនភាពជាតិដ៏ត្រចះត្រចង់ដូចពេលបច្ចុប្បន្នយ៉ាងណាក្តី តែផ្លូវទៅមុខនឹងនៅមានឧបសគ្គច្រើនទៀត។ ប៉ុន្តែគ្មានឧបសគ្គណាអាចមករារាំងដំណើររបស់ជាតិកម្ពុជាបានឡើយ ឱ្យតែរក្សាបាននូវឯកភាពជាតិរួមគ្នាបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនេះទៅមុខទៀត។

នៅក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាជនរួមគ្នាប្តេជ្ញាការការពារសន្តិភាពដែលសម្រេចបានមកដោយលំបាកជាទីបំផុតនោះ ឱ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច មិនអនុញ្ញាតឱ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។

សម្តេចតេជោ បានគូសបញ្ជាក់ទៅជនរួមជាតិកម្ពុជាថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់ អ្វីៗទាំងអស់៕