(ចិន)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បានថ្លែងកោតសរសើរអគ្គនាយកដ្ឋានពន្ធដារ ចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកំណែទម្រង់រដ្ឋបាលសារពើពន្ធ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការរៀបចំកម្មវិធីព័ត៌មានវិទ្យា ការអភិវឌ្ឍ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធី ដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្តបានយ៉ាងល្អ។

ការកោតសរសើរនេះ ធ្វើឡើងនៅពេលដែលលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូ ដែលក្នុងនោះរួមមាន ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ ចុះទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Huawei ស្ថិតនៅទីក្រុង Shenzhen នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមករានេះ។ 

ការធ្វើទស្សនកិច្ចសិក្សានេះ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ នូវបច្ចេកវិទ្យាទំនើបថ្មីៗ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ពិសេសក្នុងវិស័យពន្ធដារ។

ក្នុងក្របខ័ណ្ឌនេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ត្រូវបានអញ្ជើញដើម្បីធ្វើទស្សនកិច្ចសិក្សាអំពីផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានជាច្រើន របស់ក្រុមហ៊ុន Huawei ដូចខាងក្រោមនេះ៖

១៖ បច្ចេកវិទ្យាអ៊ិនធឺណែត ទំនើបចុងក្រោយ 5G ដែលអាចផ្តល់ល្បឿនលឿន សម្រាប់ការប្រើប្រាស់ ពិសេសអាចផ្តល់លទ្ធភាពងាយស្រួល និងយ៉ាងរលូនសម្រាប់ការគាំទ្រ ដល់ការរៀបចំ គ្រប់គ្រង និងប្រើប្រាស់គ្រឿងអេទ្បិចត្រូនិក សម្រាប់វិស័យផ្សេងៗ ជាអាទិ៍ វិស័យពន្ធដារ, វិស័យនគរូបនីយកម្ម, វិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, វិស័យសុខាភិបាល, វិស័យធនធានរ៉ែ ជាដើម។ សព្វថ្ងៃនេះ បច្ចេកវិទ្យាទំនើបនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅតាមប្រទេសរីកចម្រើនជឿនលឿន នៅលើសាកលលោក ដូចជា ចក្រភពអង់គ្លេស ប្រទេសស្វីស សាធារណៈរដ្ឋកូរ៉េ និងសាធារណៈរដ្ឋប្រជាមានិតចិន ជាដើម។

២៖ បច្ចេកវិទ្យាឆ្លាតវៃ (Smart solution)៖ ក្រុមហ៊ុន Huawei មានមជ្ឈមណ្ឌលគ្រប់គ្រងវៃឆ្លាត (Smart Campus Solution Center) និងមជ្ឈមណ្ឌលប្រតិបត្តិការវៃឆ្លាត (Intelligent Operation Center) ដែលជាគំរូសម្រាប់ការរៀបចំប្រព័ន្ធគ្រប់គ្រង តាមបច្ចេកវិទ្យាឆ្លាតវៃ ដែលមានលទ្ធភាពអាចរៀបចំ គ្រប់គ្រង និងផ្តល់ទិន្នន័យឬព័ត៌មានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត។ បច្ចេកវិទ្យាឆ្លាតវៃនេះ អាចមានលទ្ធភាពប្រើប្រាស់ សម្រាប់ផ្នែកជាច្រើន ដូចជា ការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព, គ្រប់គ្រងការធ្វើអាជីវកម្មនិងបុគ្គលិក, គ្រប់គ្រងសកម្មភាពចរាចរក្នុងទីក្រុង, ការអភិវឌ្ឍលំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធ, គ្រប់គ្រងសេវាដឹកជញ្ជូន, ការគ្រប់គ្រងអាជីវកម្មធនធានរ៉ែ, ការគ្រប់គ្រងអាជីវកម្មហិរញ្ញវត្ថុ និងធនាគារ, ការរៀបចំ និងគ្រប់គ្រងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ។ល។

៣៖ មជ្ឈមណ្ឌលឆ្លាតវៃទ្បុងកាង (Longgang Smart Center)៖ គឺជាមជ្ឈមណ្ឌលឆ្លាតវៃដំបូង ដែលមានរួមបញ្ចូលនូវទិន្នន័យពីអង្គភាពរដ្ឋនានា ដើម្បីប្រើប្រាស់សម្រាប់ការគ្រប់គ្រង និងបញ្ជាស្ថានការ កត់ត្រាទុកនូវបទពិសោធន៍ និងស្ថានភាពពិសេសនានា និងជាមជ្ឈមណ្ឌលរក្សាទុកទិន្នន័យផងដែរ។ ទិន្នន័យដែលត្រូវបានគ្រប់គ្រង និងរក្សាទុកនៅក្នុងមជ្ឈមណ្ឌលនេះ រួមមានទិន្នន័យសុវត្ថិភាព និងសន្តិសុខសាធារណៈ, ទិន្នន័យអចលនទ្រព្យនិងសំណង់, ទិន្នន័យអត្តសញ្ញាណរបស់បុគ្គល, ទិន្នន័យអាកាសធាតុ និងបរិយាកាសនៃទីក្រុង, ទិន្នន័យប្រព័ន្ធមធ្យោបាយដឹកជញ្ជូននិងធ្វើដំណើរ, និងការវិភាគការបែ្រប្រួលស្ថានភាព នៃទីតាំងនិងទិន្នន័យទាំងនោះ។ល។ មជ្ឈមណ្ឌលពិសេសនេះ ត្រូវបានរៀបចំទ្បើងដោយមានរចនាសម្ព័ន្ធគ្រប់គ្រង រួមផ្សំពីគ្រប់ជាន់ថ្នាក់ ដែលរួមមាន អាជ្ញាធរមូលដ្ឋាន ប្រធានអង្គភាពពាក់ព័ន្ធទាំងអស់ និងអ្នកជំនាញផ្នែកគ្រប់គ្រងនិងរក្សាទុកទិន្នន័យ។

៤. មជ្ឈមណ្ឌលទិន្នន័យ (Data center) នៅតំបន់ Dongguan៖ ជាមជ្ឈមណ្ឌលរក្សាទុក និងគ្រប់គ្រងទិន្នន័យយ៉ាងទំនើប មានសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ ដែលក្រុមហ៊ុនបានរៀបចំកសាងទ្បើង ដើម្បីគាំទ្រក្នុងដំណើរការអាជីវកម្ម និងការគ្រប់គ្រងនានា ពិសេសជាទីតាំងរក្សាទុកទិន្នន័យនានា រួមទាំង Cloud data storage នៅទូទាំងសាកលលោក។ មជ្ឈមណ្ឌលរក្សាទុក និងគ្រប់គ្រងទិន្នន័យនេះ ធ្លាប់ជាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធំជាងគេ នៅក្នុងតំបន់អាស៊ី។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និងរក្សាទុកទិន្នន័យពាក់ព័ន្ធ និងសហគ្រាសនានា ដែលជាដៃគូរបស់ក្រុមហ៊ុន Huawei នៅលើពិភពលោក។

៥៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (Research and Development Center)៖ ជាមជ្ឈមណ្ឌលដែលមានការរៀបចំរចនាយ៉ាងប្រណីត ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ដែលប្រើប្រាស់ដើមទុនវិនិយោគអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅលើផ្ទៃដីប្រមាណជាង២លានម៉ែត្រក្រទ្បា ដើម្បីប្រើប្រាស់ក្នុងគោលដៅស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួន។

ការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះ គឺជាការរចនារួមបញ្ចូលនូវអគារប្រណីតៗជាច្រើន ពីបណ្តាប្រទេសនានា នៅលើសកលលោក ដូចជា ប្រទេសបារាំង, ប្រទេសក្រិច, ប្រទេសឥណ្ឌា, ប្រទេសរុស្សី។ល។ នៅក្នុងបរិវេណនៃមជ្ឈមណ្ឌលរួមមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងប្រសើរ, អគារស្នាក់នៅធំទូលាយ, អគារសម្រាប់បម្រើភេសជ្ជៈ និងម្ហូបអាហារយ៉ាងសម្បូរបែប, អគារសម្រាប់ការបណ្តុះបណ្តាល, បណ្តាញដឹកជញ្ជូនសាធារណៈ ក្នុងទីតាំងមជ្ឈមណ្ឌល, និងអគារកីទ្បា។ល។

គូសបញ្ជាក់ផងដែរថា ក្នុងចំណោមបុគ្គលិករបស់ខ្លួនប្រមាណ ១៩៤,០០០នាក់ មានប្រមាណ៥០% គឺជាបុគ្គលិកជំនាញបម្រើការផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍។
តាមរយៈទស្សនកិច្ចសិក្សានេះ ក្រុមហ៊ុន Huawei ក៏បានរៀបចំបទបង្ហាញអំពីដំណើរការរៀបចំរដ្ឋបាលសារពើពន្ធទំនើបឆ្លាតវៃ ដែលគ្របដណ្តប់ទិដ្ឋភាព នៃការផ្លាស់ប្តូររដ្ឋបាលសារពើពន្ធបែបបុរាណ ទៅជារដ្ឋបាលសារពើពន្ធឌីជីថល។

ឆ្លៀតឱកាសនេះ ក្នុងឋានៈជារដ្ឋបាលសារពើពន្ធដែលបាន និងកំពុងធ្វើឌីជីថលភាវូនីយកម្ម និងជាស្ថាប័នឈានមុខមួយ ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា លោក គង់ វិបុល បានចូលរួមជាមតិយោបល់ ក្នុងកិច្ចពិភាក្សាយ៉ាងផុលផុសជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd. ពិសេសក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៍ នៃកំណែទម្រង់ និងទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ នាពេលកន្លងមកដែលទទួលបានជោគជ័យ និងមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងនេះលោក គង់ វិបុល និងអ្នកជំនាញរបស់ក្រុមហ៊ុន Huawei ក៏បានពិភាក្សាអំពីផែនការ និងចក្ខុវិស័យសម្រាប់ផ្នែកបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ សំដៅធានាប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ក៏ដូចជាការផ្ដល់សេវាជូនដល់អ្នកជាប់ពន្ធ បានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ការធ្វើការទស្សនកិច្ចសិក្សានេះ បានបញ្ចប់ដោយភាពជោគជ័យ និងសម្រេចបានលទ្ធផលជាផ្លែផ្កា ក្នុងស្មារតីសហការខ្ពស់ និងមានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ពីសំណាក់ក្រុមហ៊ុន Huawei ដែលលទ្ធផលដ៏ប្រសើរនេះ នឹងក្លាយជាបច្ច័យ ដើម្បីអគ្គនាយកដ្ឋានពន្ធដារបន្តអភិវឌ្ឍ ធ្វើទំនើបកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍ ធ្វើបច្ចុប្បន្នភាព គ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅធានាការផ្ដល់សេវា ជូនអ្នកជាប់ពន្ធដោយមានគុណភាពខ្ពស់ និងការគ្រប់គ្រងប្រមូលចំណូលពន្ធ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. មានទីស្នាក់ការកណ្តាល ដែលស្ថិតនៅទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន និងជាក្រុមហ៊ុនដែលឈានមុខគេមួយ ក្នុងវិស័យផលិតផលិតផលអេទ្បិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន។

បច្ចុប្បន្នក្រុមហ៊ុននេះ មានបុគ្គលិកសរុបប្រមាណ ១៩៤,០០០នាក់ ដែលកំពុងផ្គត់ផ្គង់ផលិតផល និងសេវាជូនដល់ប្រទេសប្រមាណ១៧០នៅលើសាកលលោក និងបានផ្គត់ផ្គង់សេវារបស់ខ្លួន ជូនដល់អតិថិជនប្រមាណ៣ពាន់លាននាក់ នៅជុំវិញពិភពលោក៕