(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បើករថយន្តលឿនជ្រុល ទៅបុកបង្គោលភ្លើង បណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវ រងរបួសមនុស្សពីរនាក់ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកដែលឃើញ ហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-2414 បើកបរដោយបុរសជនជាតិចិនម្នាក់ និងអ្នករួមដំណើរបុរសម្នាក់ទៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ចំជំហៀងរថយន្តបណ្ដាលឲ្យរថយន្តខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឲ្យក្រឡាប់ធ្លាក់ក្បែរមាត់ទឹក សំណាងល្អអ្នកបើកបររងរបួសស្រាលទាំងពីរ។

ភ្លាមៗនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ និងរថយន្តសង្គ្រោះបន្ទាន់ បានចេញមកយកជនរងគ្រោះជាជនជាតិចិនទាំងពីរ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌ បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើ ទៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តខាងលើចូលខ្លួនដោះស្រាយ តាមផ្លូវច្បាប់នៅពេលក្រោយ៕