(កំពង់ធំ)៖ សមាជិក-សមាជិកាដែលបានចូលរួម អបអរសាទរខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ជាង៣ពាន់នាក់ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានប្ដេជ្ញាចិត្តថា នឹងការពារ, ថែរក្សា និងដឹងគុណជានិច្ចសន្តិភាព ពិសេសថ្ងៃជ័យជម្នះ៧មករា។

ការប្ដេជ្ញាចិត្តប្រកបដោយទឹកចិត្តស្មោះស្មគ្រ័ និងការដឹងគុណរបស់សមាជិក-សមាជិកា នេះបានបង្ហាញឡើង ក្នុងអង្គមិទ្ទិញអបអរសាទរខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ដែលប្រារព្ធឡើងនៅក្នុងស្រុកស្ទោងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រោមការចូលរួមពីលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង។

លោក ជា ចាន់តូ បានលើកយកសុន្ទរកថា របស់ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ថ្លែងទៅកាន់ប្រជាជាតិកម្ពុជាជូនអង្គមិទ្ទីញ ក្នុងអត្ថន័យដ៏ជ្រាលជ្រៅបំផុត។

លោកបានសង្ខេបសុន្ទរកថា របស់សម្ដេចតេជោថា «ការផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ប៉ុលពត និងសង្រ្គោះប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញរួចផុតពី ការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុត នាថ្ងៃ៧មករាឆ្នាំ១៩៧៩ ជាការបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាពប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម»

លោក ជា ចាន់តូ បានអានសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងសន្ទរកថា បានលើកបង្ហាញពី វឌ្ឍនភាពជាតិក្នុងរយៈពេល៤១ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួចក្នុងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយវឌ្ឍនភាព និងវិបុលភាព ជាបន្តទៀតផងដែរ។ ជាមួយគ្នានេះសម្ដេចបានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រ ដល់សារនយោបាយរបស់សម្ដេចគឺ «អរគុណសន្តិភាព» ព្រោះមនុស្សម្នាក់ៗ សុទ្ធត្រូវការសន្តិភាព។ ចាប់ពីពេលនេះទៅពាក្យអរគុណសន្តិភាព នឹងក្លាយជាពាក្យស្លោក របស់ជាជនដែលស្រឡាញ់សន្តិភាព។

លោក ជា ចាន់តូ បានអំពាវឲ្យប្រជាជនរួមគ្នា ថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សព្រោះ បើគ្មានសន្តិភាព, គ្មានថ្ងៃ៧មេករា និងថ្ងៃ២ធ្នូទេ ប្រជាជន និងប្រទេសជាតិពិតជាគ្មានការរស់នៅសុខសាន្ត និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។ ទន្ទឹមនឹងនេះត្រូវចង់ចាំថា សន្តិភាពដែលទទួលបានពេលនេះ មិនបានមកដោយសារការប្រើកម្លាំងបាយនោះទេ គឺបានមកដោយស្មារតីប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ដែលមានចក្ខុវែងឆ្ងាយ និងត្រឹមត្រូវក្នុងប្រយោជន៍ ដើម្បីបង្រួបបង្រួមជាតិ និងដើម្បីនាំកម្ពុជាទៅកាន់ការអភិវឌ្ឍរីកចម្រើនមួយពិតប្រាកដ។

លោកបានថ្លែងបន្ដថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចពញ្ញាចក្រី ហេង សំរិន និង សម្ដេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាជាមាតា៧មករា និងជាមាតាសន្តិភាព តែមួយគត់នេះជាសច្ចធម៌។

ក្នុងឱកាសនោះដើម្បីអបអរសារទរទិវាជ័យជម្នះ៧មករា ខួបទី៤១នេះលោក ជា ចាន់តូ បានផ្ដល់ជូនអាវរងារ ដល់អ្នកចូលរួមជាង៣ពាន់នាក់ ដោយម្នាក់ទទួលបានអាវមួយ៕