(ភ្នំពេញ)៖ សាលាអាយឃីដ តាមរយៈកម្មវិធី UCMAS នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់សិស្សជ័យលាភីថ្នាក់អន្តរជាតិ លើកទី២៤ និងអបអរសារទដល់គ្រូបង្រៀនឆ្នើម ជាមួយម្ចាស់អាជ្ញាប័ណ្ណនៃកម្មវិធី UCMAS កម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ។

កម្មវិធីនេះធ្វើឡើងដោយមានការចូលរួមពី កញ្ញា ហេង រចនា អគ្គនាយិកាគ្រប់គ្រងUCMAS កម្ពុជា, ម្ចាស់អាជ្ញាប័ណ្ណ, លោកគ្រូ, អ្នកគ្រូ, អាណាព្យាបាលសិស្ស រួមទាំងសិស្សានុសិស្សជ័យលាភីកម្ពុជា ពីកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ ជាច្រើនអ្នកផងដែរ។

កញ្ញា ហេង រចនា បានឱ្យដឹងថា ការប្រឡងថ្នាក់អន្តរជាតិលើកទី២៤ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកាលពីថ្ងៃទី០៧ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅដែលមានបេក្ខជនចូលរួមប្រឡងចំនួន ៤,០០០នាក់ ជាលទ្ធផលសិស្សកម្ពុជាបានទទួលជ័យលាភី ៥៦០នាក់ ក្នុងចំណោមសិស្សជ័យលាភី UCMAS ចំនួន ១,២១៥នាក់ មកពី៤០ប្រទេសជុំវិញពិភពលោក ហើយក្នុងនាមជានាយិកាគ្រប់គ្រងនៃកម្មវិធី UCMAS កម្ពុជា ពិតជារំភើប និងត្រេកអរក្រៃលែងចំពោះកុមារកម្ពុជា ដែលបាននាំមកនូវមោទភាពដ៏អស្ចារ្យសម្រាប់ UCMAS កម្ពុជា និងក្រុមគ្រួសារព្រមទាំងប្រទេសជាតិទាំងមូល។

កញ្ញា ហេង រចនា ក៏បានរំលឹកផងដែរថា កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ គឺធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញលើកទឹកចិត្តដល់សិស្ស UCMAS ឱ្យពួកគេខិតខំ សិក្សារៀនសូត្រពោលគឺចង់ឱ្យកុមារមានភាពជឿជាក់ និងក្លាហានជាមួយនឹងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន ក្នុងកម្មវិធីប្រឡងដែលមានកុមារ មកពីជុំវិញ ពិភពលោកមួយនេះជាពិសេសកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤នេះ ក៏បានបង្ហាញឱ្យភ្ញៀវអន្តរជាតិដែលបានមកចួលរួមស្គាល់កាន់ច្បាស់នូវវប្បធម៌ អរិយធម៌ និងភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជាផងដែរ។

នាយិកានៃកម្មវិធី UCMAS កម្ពុជារូបនេះបានឱ្យដឹងថា កម្មវិធីនេះក៏បានទទួលនូវវិញ្ញាបនបត្រ Asia Book of Records ក្នុងការរៀបចំប្រឡងមានចំនួនបេក្ខជន ២,២៣១ នាក់ ប្រឡងក្បាច់គិតលេខច្រើនជាងគេបំផុតនៅក្នុងពេលតែមួយ «The Largest Abacus Lesson of 2,231 participants » ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅ The Premier center Sen Sok ក្រោមអធិបតីលោកបណ្ឌិតសាភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៃកម្ពុជា។

សូមបញ្ជាក់ថា នៅចុងឆ្នាំ២០២០ខាងមុខនេះ ប្រទេសឥណ្ឌានឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រឡងថ្នាក់អន្តរជាតិលើកទី២៥ នៅទីក្រុងម៉ុមប៉ៃ (Mumbai)។ ដូច្នេះសិស្ស UCMAS កម្ពុជាទាំងអស់ត្រូវតែខិតខំសិក្សាអនុវត្តបន្ថែម និងត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងថ្នាក់អន្តរជាតិលើកទី២៥ នាចុងឆ្នាំ២០២០ខាងមុខ។

សូមបញ្ជាក់ថា កម្មវិធី UCMAS គឺជាកម្មវិធីសិក្សាបន្ថែមក្រៅម៉ោងដែលជួយឱ្យកុមារពូកែគណនាលេខបានយ៉ាងរហ័ស និងត្រឹមត្រូវដោយមិនប្រើម៉ាស៊ីនគិតលេខ សម្រាប់កុមារមានអាយុ ៤ឆ្នាំ ដល់ ១២ឆ្នាំ។ បច្ចុប្បន្នដោយការគាំទ្រយ៉ាងច្រើនពីសំណាក់មាតាបិតាសិស្ស ទៅលើគុណភាពនៃការបង្រៀនស្របតាមកម្រិតស្តង់ដា ISO ផងនោះបានធ្វើឱ្យកម្មវិធី UCMAS ធ្វើការពង្រីកសាខារហូតដល់ទៅ ៥៣សាខាទូរទាំងប្រទេសកម្ពុជា ជាមួយសិស្សដែលកំពុងសិក្សាច្រើនជាង ១ម៉ឺននាក់ហើយមាន ការទទួលស្គាល់ជាង ៨០ប្រទេសជុំវិញពិភពលោកទៀតផង៕