(កំពង់ធំ)៖ លោក ស៊ុ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកសន្ទុក បានរៀបចំកម្មវិធីមិទ្ទិញអបអរសាទរ ខួប៤១ឆ្នាំនៃទិវាជ័យជម្នះ៧មករា យ៉ាងមហោឡារិកដែលមានអ្នកចូលរួមជិត២ពាន់នាក់។

លោក ស៊ុ សន្និសិទ្ធ លើកឡើងថា ដោយសារគុណតម្លៃ នៃសុខសន្តិភាពបានជំរុញឲ្យកម្ពុជា ដើរលើផ្លូវត្រូវដែលនាំកម្ពុជា ទទួលបានសេចក្ដីសុខ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយសន្តិភាព និងស្ថិរភាពនយោបាយនេះ បានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រហូតធ្វើឲ្សសម្រេចបានកំណើនខ្ពស់ប្រមាណ៧.១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិ បន្តកើនឡើងជាបន្តបន្ទាប់។

លោកបានបន្ដថា ជាក់ស្ដែងបច្ចុប្បន្ននេះកំណើនត្រូវបានគាំទ្រដោយ កំណើនល្អប្រសើរ នៃវិស័យសេវាកម្ម និងកំណើនខ្ពស់ នៃវិស័យឧស្សាហកម្ម ថ្វីបើវិស័យកសិកម្ម នៅបន្តមានកំណើនទាបក្ដី។ ស្ថិរភាពនយោបាយនេះហើយបានផ្តល់ទំនុកចិត្ត ដល់វិនិយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងការបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យសំណង់ និងកម្មន្តសាល។

ជាមួយនេះការប្រើប្រាស់ ក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ មានសន្ទុះកើនឡើង គួរឲ្យកត់សម្គាល់។ ក្នុងបរិបទនេះសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយមានសន្តិភាព ទើបធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានា ដល់ការស្ថិតថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យ នៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំ នៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញ ធានានូវចីរភាពនៃសន្តិភាព។

លោកបញ្ជាក់ថា ដូចនេះយើងត្រូវប្ដេជ្ញា ការពារថែរក្សាសន្តិភាព ដែលយើងទទួលបាននេះឲ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ៕