(ភ្នំពេញ)៖ ស្ថានទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជិវិតនៅក្នុងការបាក់រលំអាគារនៅខេត្តកែប។ ស្ថានទូតបានផ្ញើសារជូនពរឱ្យជនរងគ្រោះដែលសម្រាកនៅមន្ទីរពេទ្យឆាប់ជាសះស្បើយ។

សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ករណីរលំអគារនេះ បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់(ស្រី១៤នាក់) និងរងរបួសធ្ងន់ស្រាល២៣នាក់ (ប្រុស១៥ ស្រី៨នាក់)។

អគាររលំបាក់នេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ទោះជាយ៉ាងនេះក្តី អ្នកទទួលម៉ៅការសាងសង់អគារដែលបាក់រលំនេះ បានបាត់បង់ជីវិត ដោយអគាររលំបាក់សង្កត់ ចំណែកឯម្ចាស់សំណង់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ផងដែរ៕