(ភ្នំពេញ)៖ លោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា បានកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការដាក់នូវយុទ្ធសាស្រ្តថ្មីៗ ដើម្បីការជំរុញវិស័យសិទ្ធិមនុស្សនៅកម្ពុជា មានភាពប្រសើរឡើង។

ការកោតសសើរបែបនេះ របស់លោក Bjorn Haggmark បានធ្វើឡើង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកត្រូវបាន លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យចូលសម្តែងការគួរសម ក៏ដូចជាការណែនាំខ្លួន នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្ទាប់ពីលោកត្រូវបានតែងតាំងជាអគ្គរាជទូតថ្មីប្រចាំកម្ពុជា។

លោក Bjorn Haggmark បានលើកឡើងផងដែរថា យើងនៅតែរីករាយបន្តកិច្ចសន្ទនាទ្វេភាគីស្តីពី សិទ្ធិមនុស្ស ហើយនៅចុងខែមករានេះ លោកសូមអញ្ជើញប្រតិភូកម្ពុជា ដែលបានចូលរួមកិច្ចសន្ទនាលើកទី៧ នៅប្រទេសស៊ុយអែត កន្លងទៅ កាលពីខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សាពីលទ្ធផល នៃកិច្ចសន្ទនា និងបន្តថាតើភាគីទាំងសងខាងគួរធ្វើអ្វីបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យសិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែប្រសើរ។

លោក កែវ រ៉េមី បានប្រាប់ឯកអគ្គរាជទូត អំពីវឌ្ឍនភាពថ្មីៗ ដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដូចជាការសរសេរ និងការការពាររបាយការណ៍សន្ធិសញ្ញាអន្តរជាតិនានា ជូនអង្គការសហប្រជាជាតិ ការផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្ស និងការបង្កើតឱ្យមានក្រុមមេធាវីស្ម័គ្រចិត្ត សម្រាប់ប្រឹក្សាច្បាប់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាដើម។

ទន្ទឹមនឹងនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រីករាយបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍអន្តរជាតិ ក៏ដូចជាការទទួលស្វាគមន៍ ការសហការពីសំណាក់អង្គការសង្គមស៊ីវិលនានា ក្នុងគោលដៅអភិវឌ្ឍវិស័យសិទ្ធិមនុស្ស ដែលក្នុងនោះមានរដ្ឋាភិបាលស៊ុយអែត ដែលយើងនៅតែបន្តកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សរវាងកម្ពុជា-ស៊ុយអែត៕