(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរសាទរ ខួបទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩ ដល់ ៧ មករា ២០២០ ដែលជាថ្ងៃកំណើតទីពីរ របស់ប្រជាជនកម្ពុជាទាំងមូល នៅទីលានតារាងបាល់ទាត់សួនរីករាយ ដែលស្ថិតនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល បានឲ្យដឹងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជាប្រមុខដឹកនាំ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យកីឡាគ្រប់ប្រភេទ ធ្វើឲ្យវិស័យកីឡានៅទូទាំងប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ហើយបានទទួលជ័យលាភី ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ហើយសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា និងក្រោមនយោបាយឈ្នះៗរបស់សម្តេច ដែលមិនអាចកាត់ថ្លៃបាន។

នៅក្នុងឱកាសនោះដែរ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសប្បុរសជន ដែលបានចូលរួម និងឧបត្ថម្ភគាំទ្រ លើកស្ទួយវិស័យកីឡាក្នុងខេត្តរបស់យើង ឲ្យមានការរីកចម្រើន ជាពិសេសបានផ្តល់ឱកាស ដល់យុវជនបានបង្ហាញនូវសមត្ថភាព បង្កើននូវបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាកីឡាករដ៏ល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ។

លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាករទាំងអស់ ត្រូវខិតខំប្រកួតតាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះថា ការប្រកួតតែងតែមានចាញ់ និងឈ្នះ ហើយជៀសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយនាំគ្នាលេងកីឡាដើម្បីសុខភាព។

បើតាមរបាយការណ៍ របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យដឹងថា ការប្រកួតដណ្តើមពានរង្វាន់ លោក ផាន់ ចាន់ធុល អភិបាលខេត្ត គឺដើម្បីអបអរសាទរខួបទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២០ នាពេលនេះ គឺបានប្រព្រឹត្តទៅអស់រយៈពេល០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី០៧ មករា ឆ្នាំ២០២០ ដោយការប្រកួតនេះ មានក្រុមកីឡាករចូលរួមចំនួន ១១ក្រុម។

ជាលទ្ធផលចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមតោចាស់របស់មណ្ឌលកុមារកំព្រាខេត្ត, ចំណាត់ថ្នាក់លេខ២ ក្រុមសាលាខេត្តប៉ៃលិន, ចំណាត់ថ្នាក់លេខ៣ ក្រុមផែស្ងួត SOFIA FC, និងក្រុមចំណាត់ថ្នាក់លេខ៣ស្ទួន ក្រុមឃុំស្ទឹងត្រង់។ ដោយឡែកក្រុមលេង មានសីលធម៌ល្អ បានទៅលើក្រុមមន្ទីរកិច្ចការនារីខេត្តប៉ៃលិន (FAMILY FC) ចំពោះពានរង្វាន់ លោកអភិបាលខេត្តប៉ៃលិន បានផ្តល់ជូនក្រុមកីឡាករ ដោយចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិកាចំនួន៣លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន២លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា១លានរៀល ៥សែនរៀលផងដែរ៕