(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានថ្លែងថា បើគ្មានថ្ងៃរំដោះនេះទេ ម្ល៉េះជីវិតប្រជាពលរដ្ឋយើង រាប់លាននាក់ត្រូវបានសម្លាប់ ហើយទំហំគ្រោះមហន្តរាយចំពោះប្រទេសជាតិ ពិតជាត្រូវកើតឡើងយ៉ាងពិតប្រាកដ។

លោកបានបញ្ជាក់បន្តថា «ដោយសាតែរបបអាវខ្មៅយង់ឃ្នងកម្ពុជាប្រជាធិបតេយ្យ បានសម្លាប់ធនធានមនុស្សរបស់យើងស្ទើរគ្មានសល់ ហើយបានបំផ្លាញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធ សង្គមកម្ពុជា»

លោកបានថ្លែងបែបនេះ នៅសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២០) និងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ប្រមាណជិត៣០០។

លោក ជា អឿង បានលើកឡើងថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ៧មករា ក្នុងន័យរំលឹកដឹងគុណណូបការៈកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានធ្វើកាពលីជីវិតសាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកនូវសន្តិភាព សេរីភាព ជូនជាតិមាតុភូមិ ថ្ងៃជ័យជម្នះ ៧មករា ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានរួចផុតពីចង្កូមមច្ចុរាជនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដឹកនាំដោយក្រុមប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សែនឃោរឃៅបំផុត ក្រោមការតស៊ូប្តូរជីវិតពីសម្តេចតេជោ ហ៊ុន សែន រួមជាមួយឥស្សរជនស្នេហាជាតិជាច្រើនទៀត។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរួមគ្នាគាំទ្រសម្តេចតេជោ កាន់ដៃគ្នាថែរក្សាសន្តិភាព ថែរក្សាស្នាដៃសមិទ្ធិផលយ៉ាងច្រើនដែលរាជរដ្ឋាភិបាលខំកសាងឡើង ក្នុងន័យដើម្បីជាប្រយោជន៍ពូនជ្រុំសម្រាប់ប្រជាពលរដ្ឋ សហគមន៍ ប្រទេសជាតិ ដែលនេះគឺជាសេចក្តីថ្លៃថ្នូរបំផុតសម្រាប់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តនូវនិរន្តរភាព។

លោក ផល ធឿន បានអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តោតនូវសារៈ សំខាន់នៃថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕