(កំពង់ឆ្នាំង)៖ អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពិសេសនៅម្ដុំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្នើដល់មន្ដ្រីពាក់ព័ន្ធ ពិសេសមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះអប់រំ ណែនាំការលក់ដូរសត្វស្លាប ក្រោយមានព័ត៌មានថា ការលក់ដូរនេះបន្លំអ្នកទិញ ព្រោះអ្នកលក់បានយកសត្វឆ្មារស្រុក មកបន្លំធ្វើសត្វខ្លាត្រីជាដើម។

លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះថា ករណីការដាក់តាំងសត្វព្រៃលក់ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរសណ្ដាន់ ឃុំទឹកហូតខាងលើនេះ កន្លងមកខាងកម្លាំងរបស់លោក ក៏ធ្លាប់បានធ្វើការចុះបង្ក្រាបផងដែរ ដើម្បីកុំឲ្យពួកគាត់បរបាញ់សត្វព្រៃ ដែលមានដូចជា ខ្លាត្រី ឆ្មាព្រៃ។ល។

លោកបានបញ្ជាក់ទៀតថា ការយកសត្វទាំងនោះមកដាក់លក់តាមផ្លូវថ្នល់ ក៏ខុសនឹងច្បាប់ផងដែរ ប៉ុន្ដែក្រោយមកលោកទទួលបានព័ត៌មានថា សត្វដែលពួកគាត់ដាក់តាំងលក់នោះ គឺមិនមែនជាខ្លាត្រី ឬឆ្មាព្រៃនោះឡើយ ពោលជាសត្វឆ្មាស្រុកដូច្នេះខាងលោក មិនបានធ្វើការបង្ក្រាបទេ ព្រោះសត្វស្រុកប្រជាពលរដ្ឋទូទៅអាចចិញ្ចឹមលក់បាន។

ទោះជាយ៉ាងនេះក៏ដោយប្រជាពលរដ្ឋ អ្នកធ្វើដំណើរនៅលើផ្លូវជាតិលេខ៥ ឆ្លងកាត់តំបន់ខាងលើនេះ បានធ្វើការរិះគន់ចំពោះចំណាត់ការអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដែលមិនធ្វើការរៀបចំសោភ័ណភាពតាមផ្លូវ ដោយបណ្ដែតបណ្ដោយ ឲ្យដាក់លក់សត្វព្រៃ ក៏ដូចជាសត្វឆ្មាស្រុក នៅតាមផ្លូវសាធារណៈ ដែលធ្វើឲ្យមានការរិះគន់ពីភ្ញៀវជាតិ និងភ្ញៀវបរទេសផងដែរ៕