(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌនៃអធិការខណ្ឌទួលគោក នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនសង្ស័យជនជាតិបារាំង ឈ្មោះ VERON MAXENCE LUDWIG ភេទប្រុស អាយុ៣២ឆ្នាំ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារជនសង្ស័យរូបនេះ បានវាយទៅលើជនរងគ្រោះដោយដៃ និងដុំថ្មគប់ រួមទាំងប្រើកូនកាំបិតចុងស្រួចកាត់ដំបូល វះពូក និងចាក់កង់ម៉ូតូកង់បី បំផ្លាញខូចខាតទាំងស្រុង។

សមត្ថកិច្ចបានឱ្យអង្គភាពព័ត៌មាន Fresh News បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១០៖០០នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងអនុវត្តនីតិវិធីការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។

ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល លេខ៨ ផ្លូវលេខ៥៦២ ក្រុមទី៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០១៖២០នាទីរំលងអាធ្រាត្រ។

ចំណែកជនរងគ្រោះមានឈ្មោះ កត់ រំចង់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី (PassApp) ស្នាក់នៅផ្ទះលេខ១០៤ ផ្លូវជាតិលេខ៣ ភូមិកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចបានដកហូតសម្ភារខូចខាតរួមមាន៖ ម៉ូតូកង់បី (PassApp) ពណ៌ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-9539 កញ្ចក់មុខ និងក្រោយបែកទាំងស្រុង , ដំបូលក្រណាត់ខាងលើរហែកទាំងអស់, កង់មុខក្រោយបីគ្រាប់បែកធ្លាយ, ស្ដុបខាងក្រោយទាំងពីរបែក គូថម៉ូតូខាងក្រោយកំពិត៕