(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក បានជួបជុំគ្នាប្រារព្ធពិធីខួបកំណើតទី២ ទិវាជ័យជម្នះ ៧មករា លើកទី៤១ (១៩៧៩-២០២០) យ៉ាងឱឡារិកក្រៃលែងបំផុត ហើយពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជុំ សន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៊ិចកូ។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ (ថ្ងៃខែនៅអាមេរិក) ដោយមានប្រជាពលរដ្ឋខ្មែរ មកពីទីក្រុងឡាសវេហ្គាស ប្រមាណជាង១៥០នាក់។

លោក ប៉ោ សួន ប្រធានអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋណេវ៉ាដា បានឱ្យដឹងថា ថ្វីបើនេះជាការប្រារព្ធលើកទី១ ហើយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងទីក្រុងឡាសវេហ្គាសនេះ មានចំនួនប្រមាណ ២៥០គ្រួសារ ប៉ុន្តែពួកគាត់បានអញ្ជើញចូលរួមក្នុងអង្គពិធី យ៉ាងច្រើនកុះករគួរឲ្យកត់សម្គាល់។ លោកចាត់ទុកថា នេះគឺជាសកម្មភាពចូលរួមជាមួយជាតិ និងជាការសម្តែងទឹកចិត្តស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន បើទោះបីជាពួកគាត់រស់នៅឯនាយសមុទ្រក៏ដោយ៕