(ព្រះវិហារ)៖ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះថ្ងៃ ៧ មករា ១៩៧៩-៧ មករា ២០២០នេះ នាយឧត្តមសេនីយ៍ មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានលើកឡើងថា ៧ មករា ជាមាតាទី២របស់យើង ដែលបានរំដោះប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាស្នាដៃរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន។

នៅក្នុងពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅក្នុងពហុកីឡដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួម ពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងបញ្ជាក់ថា «យើងទាំងអស់គ្នា សូមថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលជាវីរៈជនដ៏អង់អាចក្លាហានមួយរូបរបស់ប្រជាជនកម្ពុជា ដែលតែងតែនៅរួមសុខទុក្ខជាមួយ ប្រជាពលរដ្ឋជាប់ជានិច្ច ជាពិសេសដឹកនំាកម្ពុជា នាំមកនូវសន្ដិភាពយ៉ាងពិតប្រាកដ»។

លោកបានបញ្ជាក់ថា «ពលរដ្ឋអរគុណសន្ដិភាព អ្នកណាធ្វើឱ្យមានសន្ដិភាព គឺគណបក្សប្រជាជនកម្ពុជា ដោយសារតែការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ បានធ្វើឱ្យកម្ពុជា មានសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ បើគ្មានសន្ដិភាព មិនអាចនិយាយទៅដល់អ្វីទាំងអស់, សន្ដិភាពជាបេះដូង របស់ប្រជាជនកម្ពុជាយើង។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្ដិភាពនេះ ឱ្យបានគង់វង្សរហូតទៅ»។ «សន្ដិភាព ពិតជានាំមកនូវជោគជ័យ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យយើងទាំងអស់គ្នាគ្រប់មជ្ឈដ្ឋានទាំងប្រជាជនក្នុង និងក្រៅស្រុកបាននិយាយថា «អរគុណសន្ដិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលជាវីរជនដ៏អង់អាចក្លាហានរបស់កម្ពុជា»។

លោក មាស សុភា បានថ្លែងសង្គត់យ៉ាងដូច្នេះថា «មានតែជនអគតិទេ ដែលចង់បង្កើតបដិវត្ដន៍ពណ៌ បំផ្លាញសុខសន្ដិភាពនៅកម្ពុជា យើងទាំងអស់គ្នាប្ដេជ្ញាប្រឆាំងដាច់ខាត គ្រប់រូបភាព ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែប្រឆាំងចំពោះបដិវត្ដន៍ពណ៌ និងជម្នះការពារដាច់ខាចចំពោះសន្ដិភាពមួយនេះ សម្រាប់ប្រទេសជាតិឱ្យបានគង់វង្ស»។

សន្ដិភាព ពិតជានំាមកនូវអ្វីៗ គ្រប់យ៉ាងទាំងអស់ ទាំងការអភិវឌ្ឍន៍ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសសេចក្ដីសុខសាន្ដជូនប្រជាជន និងប្រទេសជាតិ។ បើគ្មានសន្ដិភាព គ្មានទេពាក្យថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះឡើយ។ ជាក់ស្ដែង ដូចនៅមជ្ឈិបូព៌ា ដែលកំពុងតែឆាបឆេះដោយភ្លើងសង្គ្រាម គឺដោយសារតែបដិវត្ដន៍ពណ៌។ ដូច្នេះយើងទាំងអស់គ្នាត្រូវគាំទ្រសន្ដិភាព ត្រូវអរគុណសន្ដិភាព ត្រូវចូលរួមគ្នាថែរក្សាសន្ដិភាព ត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ទៅកាន់សន្ដិភាព រឹងមាំជាបន្ដបន្ទាប់រៀងរហូត៕