(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលផ្ទុកការងារផ្លាកលេខពិសេសផ្ទាល់ខ្លួន បានឱ្យដឹងថា បន្ទាប់ពីប្រកាសដាក់លកជាផ្លូវការកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» លក់បានប្រមាណ ៤២ផ្លាកហើយ ដោយបានចំណូលជាង ៩០០លានរៀល ប្រហែលនឹងជាង ២២ម៉ឺនដុល្លារអាមេរិក។

លោកស្រី កុយ សុដានី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះថា ផ្លាកលេខដែលប្រជាពលរដ្ឋទិញនោះ តម្លៃចាប់ពី៦លានរៀលឡើងទៅ។ ផ្លាកលេខខ្លះ ត្រូវបានចាប់លើរថយន្តរួចហើយ។

លោកស្រី កុយ សុដានី បានឱ្យដឹងដែរថា ក្រោយពីការប្រកាសលក់ «ផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួន» នេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង។ បើតាមលោកស្រី ក្នុងមួយថ្ងៃមានអ្នកចូលទៅកាន់គេហទំព័រ និងវាយរកលេខរហូតដល់ទៅ ២លានដង។

សូមបញ្ជាក់ថា «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ខួប៤១ឆ្នាំនៃការផ្តួលរំលំរបបខ្មែរថ្ងៃដែលពលរដ្ឋខ្មែររស់រានមានជីវិតឡើងវិញ។

ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។

ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អាចជ្រើសរើស និងកំណត់ឈ្មោះតាមការចង់បានលើកតែពាក្យមិនសមរម្យ ឈ្មោះថ្នាក់ដឹកនាំ និងទីតាំងប្រវត្តិសាស្ត្រ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់ទាំងរថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបង្កើតឱ្យមាន «ផ្លាកលេខរថយន្តពិសេសនេះ» ដើម្បីបំពេញតម្រូវការបន្ថែមទៀតជូនប្រជាពលរដ្ឋដែលចង់ប្រើប្រាស់ផ្លាកពិសេសផ្ទាល់ខ្លួន ដូចជាចង់ដាក់ឈ្មោះ ឬលេខពិសេសដែលខ្លួនពេញចិត្ត។ ក្រៅពីបង្កើតជម្រើសសម្រាប់អ្នកប្រើប្រាស់រថយន្តហើយនោះ ការរៀបចំឱ្យមានផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួននេះ ក៏ដើម្បីចូលរួមស្វែងរកចំណូលពីការលក់ផ្លាកលេខជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងពង្រឹងដល់ការគ្រប់គ្រងយានយន្តនៅកម្ពុជាផងដែរផងដែរ៕