(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានសំណូមពរដល់ក្រុមហ៊ុនប្រេងឥន្ធនៈ សហការជាមួយរាជរដ្ឋាភិបាល ឲ្យបានល្អពាក់ព័ន្ធការកំណត់តម្លៃប្រេងឥន្ធនៈ ខណៈស្ថានភាពទីផ្សារអន្តរជាតិបច្ចុប្បន្ន អាចមានការប្រែប្រួល មិនអាចព្យាករណ៍បាន។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈទាំងអស់នៅក្នុងប្រទេសកម្ពុជាថា យោងទៅលើស្ថានភាពទីផ្សារអន្តរជាតិបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈអាចមានការប្រែប្រួល មិនអាចព្យាករណ៍បានទេ។

បើតាមសេចក្តីជូនដំណឹងដដែលនេះ ទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ធនៈក្តី ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងគណនាតម្លៃប្រេងទៅតាមប្រកាសរបស់អន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល នូវតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ទៅតាមតម្លៃទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១៥ថ្ងៃម្តង ដូចអ្វីដែលបានឯកភាពគ្នាអនុវត្តកន្លងមក ដើម្បីរួមចំណែកផ្តល់នូវស្ថិរភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

ក្រសួងពាណិជ្ជកម្ម ថែមទាំងបានសំណូមពរដល់ក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់ ដែលលក់រាយប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា មេត្តាចូលរួមសហការអនុវត្តន៍ឲ្យបានល្អ ដូចអ្វីដែលបានធ្វើកន្លងមក ឲ្យមានប្រសិទ្ធិភាពខ្ពស់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៖