(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណដល់សាលានាយទាហានសកម្ម ដែលបំពេញតួនាទីជាថ្នាលបណ្តុះបណ្តាលជួរនាយទាហានវ័យក្មេង ដោយក្នុងនោះថ្នាក់ដឹកនាំ និងយោធាចារ្យ បានខិតខំជម្នះការលំបាក និងបញ្ហាប្រឈម ដើម្បីច្នៃប្រឌិតធ្វើការហ្វឹកហ្វឺននាយទាហាន។

ការថ្លែងអំណរគុណរបស់ លោកឧត្តមសេនីយ៍ឯក បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញបិទ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២០ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ០៧ មករា នៅសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ នាថ្មីៗនេះ។

ឧត្តមសេសនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា តទៅមុខ កងយោធពលខេមរភូមិន្ទ មានតម្រូវការនាយទាហានច្រើន ដើម្បីជួយដឹកនាំពង្រឹងកម្លាំងយោធិនរបស់យើង។ ដូច្នេះ សូមប្អូនៗក៏ដូចជានាយទាហាននៅគ្រប់បណ្តាអង្គភាពដទៃទៀត ត្រូវខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ មានវិន័យ សណ្តាប់ធ្នាប់ជម្នះពុះពារឧបសគ្គឱ្យបាន ពីព្រោះយើងជាអ្នកកំណត់ជោគវាសនា ខ្លួនឯងអាស្រ័យ តាមសមត្ថភាពរបស់យើង ហើយត្រូវគោរពតាមការចាត់តាំង និងស្ម័គ្រចិត្តតាមបទបញ្ជា ចុះទៅបំពេញភារកិច្ចនៅតាមអង្គភាពថ្នាក់ក្រោម ដើម្បីស្វែងយល់ និងស្គាល់ឱ្យច្បាស់ពីអង្គភាពថ្នាក់ក្រោម ពីព្រោះកងទ័ពខ្លាំង សំខាន់នៅខាងក្រោម ដែលត្រូវពង្រឹងឱ្យរឹងមាំ។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេសនីយ៍ ក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ ហើយក្នុងនោះក៏មានការចូលរួមអបអរសាទរ ពីសំណាក់មិត្តសេនានុព័ន្ធ អនុព័ន្ធយោធា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្មួយៗសិស្សានុសិស្សក្នុងស្រុកឧត្តុង្គផងដែរ។ ការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទកន្លងមក ដោយមានការចូលរួមរបស់មហាជន ក៏បានចូលរួមចំណែកយ៉ាងសំខាន់ លើការជំរុញការប្រាស្រ័យទាក់ទងរវាងកងទ័ព និងមហាជន និងបានលើកកម្ពស់ការយល់ដឹង របស់មហាជនអំពីតម្លៃ និងកិត្តិយស នៃវិជ្ជាជីវៈជាយោធិន។

នៅក្នុងការប្រកួតនេះ មេបញ្ជាការកងទ័ពជើងគោក បានឱ្យដឹងថា មានក្រុមដែលទទួលបានចំណាត់ខ្ពស់ និងចំណាត់ថ្នាក់ទាប ប៉ុន្តែជាស្មារតីរួម គ្មានអ្នកចាញ់ទេ គឺយើងឈ្នះទាំងអស់គ្នា ពីព្រោះបេសកកម្ម ដែលជាគោលដៅសំខាន់របស់យើងនៅពេលនេះ គឺការរៀបចំប្រកួតកីឡា កងយោធពលខេមរភូមិន្ទមួយ ឱ្យបានរលូន ត្រឹមត្រូវ យុត្តិធម៌ និងរក្សាបានសាមគ្គីភាពទាំងអស់គ្នា ដូច្នេះបន្ទាប់ពីការប្រកួតបានបញ្ចប់ គឺមានន័យថា បេសកកម្មរបស់ក្រុមនីមួយៗ ក៏បានបញ្ចប់ គឺចប់ដោយជោគជ័យ ចប់ដោយការខិតខំប្រឹងប្រែង ទន្ទឹមនឹងនោះ គណៈកម្មការរៀបចំការប្រកួត ក៏បានបញ្ចប់ការងាររបស់ខ្លួន ដោយសុក្រឹត្យផងដែរ។ ទាំងនេះ គឺជាជោគជ័យធំនៅក្នុងថ្ងៃនេះ គឺយើងអាចបញ្ចប់បេសកកម្ម នៅក្នុងការប្រកួតដោយទទួលបានជោគជ័យទាំងអស់គ្នា ដើម្បីចូលរួមអបអរសាទរខួបអនុស្សារីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ០៧ មករា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ទិវាជ័យជម្នះ ០៧ មករា គឺជាព្រឹត្តិការណ៍របស់ជាតិខ្មែរទំាងមូល ជាតថភាពនៃការរស់ឡើងវិញរបស់យើងទាំងអស់គ្នា ប៉ុន្តែការទទួលស្គាល់តថភាពនេះ ត្រូវផ្អែកលើការសួរសំណួរ០២ ថាតើខ្មែរក្រហម បានកាប់សម្លាប់មនុស្ស នៅជំនាន់ឆ្នាំពួកគេគ្រប់គ្រងអំណាច ក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ដែរ ឬទេ? ថាតើការផ្តួលរំលំរបបប៉ុលពត បានបញ្ឈប់ការកាប់សម្លាប់មនុស្សបន្តទៀត ដោយជួយស្រោចស្រង់ជីវិតឱ្យខ្មែររស់ឡើងវិញ ឬយ៉ាងណា? ដូច្នេះ វាមិនសំខាន់នោះឡើយ ចំពោះការឱ្យនិយមន័យ ឬការប្រើពាក្យបែបណាចំពោះព្រឹត្តិការណ៍ ០៧ មករា ប៉ុន្តែអ្វីដែលសំខាន់ គឺសកម្មភាព និងលទ្ធផលនៃសកម្មភាពនោះ ដែលមានអត្ថន័យសំខាន់ជ្រាលជ្រៅបំផុត។

លោកឧត្តមសេសនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ចំពោះមនុស្សគ្រប់រូប អ្វីដែលមានតម្លៃបំផុត គឺជីវិត។ មានជីវិត ទើបមានអនាគត។ សូមអរគុណសន្តិភាព ដែលនាំឱ្យជីវិតយើងរស់ និងនាំមកនូវសេចក្តីសុខ។ មានពេលខ្លះ តម្លៃនៃសន្តិភាព ដែលមានតម្លៃស្មើនឹងខ្យល់ដកដង្ហើម របស់យើង ត្រូវបានគេមើលមិនឃើញ និងមិនចាប់អារម្មណ៍ឱ្យតម្លៃ ឱ្យស័ក្តិសមនឹងគុណតម្លៃរបស់វា ហើយពេលបាត់បង់ ទើបចាប់ផ្តើមឱ្យតម្លៃ។ ដូច្នេះ ជាការដឹងគុណចំពោះសន្តិភាព និងភាពសុខសាន្ត យើងត្រូវចូលរួមថែរក្សាសន្តិភាព និងបង្កើនភាពរឹងមាំឱ្យជាតិរបស់យើងបន្តទៀត ហើយក៏សូមអរគុណផងដែរ ចំពោះអ្នករកសន្តិភាព ដែលទទួលបានតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួមរបស់ប្រជាជនទាំងអស់គ្នា។ ថ្នាក់ដឹកនាំ, អ៊ំពូងមីងយោធិន និងប្រជាជនយើងបានធ្វើការលះបង់ច្រើនណាស់ ដើម្បីបុព្វហេតុជាតិមាតុភូមិមួយនេះ។

លោកឧត្តមសេសនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពីមួយជំនាន់ទៅមួយជំនាន់ យើងត្រូវខិតខំធ្វើដើម្បីបន្សល់ទុកឱ្យអ្នកក្រោយ ខិតខំពង្រឹងកងទ័ព ពង្រឹងនាយទាហានដែលជាឆ្អឹងខ្នង ដែលមានភារកិច្ចពង្រឹងនាយទាហានរង និងពលទាហានបន្តទៀត។ ជារួម នាយទាហានរបស់យើងគ្រប់ជំនាន់ គ្រប់ស្ថាប័ន-កងឯកភាព ត្រូវពង្រឹងឆន្ទៈស្នេហាជាតិ ពង្រឹងសមត្ថភាពបម្រើជាតិមាតុភូមិ, ការពារប្រជាជន, ការពារបូរណភាពទឹកដី និងការពារសុខសន្តិភាព ដែលជាសម្បត្តិរួមរបស់យើង និងជាប្រភពសំខាន់នៃការរស់នៅសុខសាន្ត និងការរស់រានមានជីវិតរបស់យើង៕