(ព្រៃវែង)៖ ប្រជាពលរដ្ឋស្រុកចំកាយមារ ខេត្តព្រៃវែង ប្រមាណជាង១,២០០នាក់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមមីទ្ទីញ អបអរសាទរខួបអនុស្សាវរីយ៍ លើក៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២០)។

មីទ្ទិញនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ និងមានការចូលរួមពី ថ្នាក់ដឹកនាំស្រុកកំចាយមារ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក គណៈកម្មាធិការគណបក្សស្រុក និងក្រុមប្រឹក្សាឃុំ យុវជន និវត្តជន នាយកសាលា ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ស្ថិតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ប្រជាពលរដ្ឋស្រុកកំចាយមារ បានសម្ដែងនូវកតញ្ញូតាធ៌មយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបាននាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍ។

នៅក្នុងពីធីមិទ្ទីញនោះ លោកបណ្ឌិត ស្តើង សុខុម បានអានសុន្ទរកថា ប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រ នៃថ្ងៃជ័យជម្នះ ៧ មករា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងមហាមីទ្ទិញរំលឹកខួប៤១ឆ្នាំ ទិវាជ័យជម្នះ ៧ មករា នៅរាជធានីភ្នំពេញ ជូនដល់អង្គមីទ្ទិញ។

លោកក៏បានទាញយកចំណុចសំខាន់ៗ មួយចំនួនក្នុងសន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន មកបញ្ជាក់ជូនបងប្អូនជនរួមជាតិ ដោយសង្កតធ្ងន់ទៅលើអត្ថន័យ នៃសន្តិភាព និងការអភិវឌ្ឍថា «៧ មករា ជាដើមហេតុ នៃសន្តិភានៅកម្ពុជា សន្តិភាពបាននាំមកនូវការអភិវឌ្ឍ»។

លោកប្រធានក្រុមការងារថ្នាក់ជាតិ បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះទោះបីប្រជាជនកម្ពុជា កំពុងបានរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់ នៃសន្តិភាព និងការអភិវឌ្ឍក្តី ក៏យើងទាំងអស់គ្នា នៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងបំផុត។

លោកបណ្ឌិត ស្តើង សុខុម បានរំលឹកឡើងវិញជាច្រើន នូវគុណបំណាច់ នៃថ្ងៃជ័យជម្នះ ៧មករា។ ជ័យជម្នះ ៧មករា ដែលលោកបានគូសបញ្ជាក់ថា បាននាំមកនូវសន្តិភាព សេរីភាព ក៏ដូចជាសិទ្ធិគ្រប់យ៉ាងជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់បានបាត់បង់ទាំងស្រុង នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ជាមួយគ្នានេះ លោកក៏បានរំលេចអំពីស្ថានភាព នៅក្នុងឆ្នាំ២០១៩ ដែលទើបកន្លងផុតទៅថ្មីៗនេះជាស្ថានភាពដែល លោកបានអះអាងថា មានការវិវត្តល្អ បើទោះមានបញ្ហាខ្លះកើតឡើងក្នុងស្រុក និងការប្រែប្រួលដ៏ស្មុគស្មាញ នៃសភាពការណ៍អន្តរជាតិក៏ដោយ។ ជាងនេះទៀត អ្វីដែលលោកចង់បញ្ជាក់ ឲ្យឃើញច្បាស់នោះ គឺបញ្ហាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ ទោះមានការប៉ុនប៉ង ចង់ផ្លាស់ប្តូររបបនយោបាយនៅកម្ពុជាក្តី។

សម្រាប់លោក សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដូចពេលបច្ចុប្បន្ននេះ។ លោកបានសង្កត់ធ្ងន់ទៀតថា តាមរយៈ នៃសន្តិភាពនេះហើយដែលធ្វើឲ្យកម្ពុជា ទទួលបាននូវឱកាសមាស សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណាឤចមកបំភ្លៃ ឬបំផ្លាញបានឡើយ។

ទោះបីជារយៈពេល៤១ឆ្នាំ បានកន្លងផុតទៅហើយក៏ដោយ ក៏ប្រជាពលរដ្ឋស្រុកកំចាយមារ នៅតែចងចាំនូវគុណបំណាច់ នៃថ្ងៃ៧ មករា, គុណបំណាច់របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍ។

ប្រជាពលរដ្ឋស្រុកកំចារមារ បានប្តេជ្ញាចិត្តយ៉ាងមុតមាំការពារដាច់ខាតនូវសន្តិភាព និងសមិទ្ធិផលដែលបានកើតចេញក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះ និងប្រឆាំងដាច់ខាតរាល់ឧបាយកលប៉ុងប៉ង ដែលធ្វើឲ្យកម្ពុជាឃ្លាតចេញសុខសន្តិភាព។ ប្រជាពលរដ្ឋស្រុកកំចាយមារ បានកំណត់ក្នុងចិត្តច្បាស់ថា ៧ មករា គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន, ៧ មករា ពិតជាបាននាំមកនូវសុខ សន្តិភាព, ៧ មករា ពិតជាបាននាំមកនូវការបង្រួបបង្រួមជាតិ, ៧ មករា ពិតជាបាននាំមកនូវការអភិវឌ្ឍជាតិ។

ប្រជាពលរដ្ឋស្រុកកំចាយមារ ពិតជាបានផ្តល់នូវសច្ចធ៌មសម្រាប់ថ្ងៃ៧ មករា ហើយចងចាំទុកជារៀងរហូត។ ទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានកត់ត្រាទុក ជារៀងរហូត នៅក្នុងការចងចាំរបស់ប្រជាជនគ្រប់ៗរូប គ្រប់ៗជំនាន់ ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ ប្រជាពលរដ្ឋស្រុកកំចាយមារ ប្តេជ្ញាខិតខំថែរក្សា ឲ្យបាននូវសុខសន្តិភាពមានសន្តិភាព គឺមានអ្វីៗទាំងអស់។

ក្នុងនាមជាសាក្សីរស់ម្នាក់ ដែលបានឆ្លងកាត់នៅសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត លោកបណ្ឌិត ស្តើង សុខុម បានបញ្ជាក់ថា ថ្ងៃ៧មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យ ជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទូទាំងប្រទេស ពីព្រោះនរណាៗ ក៏ទទួលស្គាល់។ លោកថា អ្នកណាដែលបដិសេធ «៧មករា» គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន។

លោកបានបន្តថា អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់គឺសុទ្ធតែបានរស់រានមាន កំណើតជាថ្មីដោយសារ ថ្ងៃ៧មករា។ លោកបណ្ឌិត បានបញ្ជាក់ថា «ទោះអ្នកសា្រវជ្រាវណាបកស្រាយយ៉ាងណាក៏ដោយចុះ ប៉ុន្តែសម្រាប់ខ្ញុំដែលជាសាក្សីរស់មួយរូបដែរ គឺនៅតែផ្តល់តម្លៃនូវសច្ចភាពខ្ពស់ ចំពោះថ្ងៃ៧មករានេះ»។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ស្តើង សុខុម ក៏បានធ្វើការផ្តាំផ្ញើទៅកាន់បងប្អូនជនរួមជាតិ នៅក្នុងស្រុកកំចាយមារទាំងអស់ ពិសេសយុវជនដែលភាគច្រើន កើតមិនទាន់របបប្រល័យពូជសាសន៍ និងសង្រ្គាម ត្រូវចេះផ្តល់តម្លៃដល់សច្ចភាពប្រវត្តិសាស្រ្ត។ ពាក្យខ្មែរតែងពោលថា «ផឹកទឹកឲ្យនឹកប្រភព ជ្រកម្លប់ឲ្យនឹក អ្នកដាំ» អញ្ចឹងទេបើមិនបានចូលរួមចំណែក ចូលរួមកសាងនូវសុខដុមភាពដល់សង្គមជាតិទេ សូមកុំឲ្យជាតិយើងបែកបាក់ជាតិ យើងជួបភ័យន្តរាយធ្លាក់ទៅដល់ សង្រ្គាមសារជាថ្មីបានហើយ ដូច្នេះយើងគួរជ្រើសរើសផ្លូវដើរមួយ ដែលនាំប្រទេសទៅកាន់វឌ្ឍនភាព និងសុខសន្តិភាព។

លោកប្រធានក្រុមការងារថ្នាក់ជាតិរូបនេះ ក៏បានបន្តថា ការប្រារព្ធពិធីដ៏មហោឡារិកនេះឡើង ដើម្បីរំឭកនូវការចងចាំមិនឤចបំភ្លេចបាន ចំពោះមហឧក្រិដ្ឋកម្ម ដ៏សាហាវព្រៃផ្សៃបំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត ដែលបានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ក្នុងការតស៊ូផ្តួលរំលំ របបប្រល័យពូជសាសន៍ និងការពារមិនឲ្យរបបនេះឤចវិលត្រឡប់មកកម្ពុជា ជាថ្មីវិញបាន។

អង្គមីទ្ទិញបានបិទបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយសាមគ្គីភាព មិត្តភាព ដោយមានការហូបបាយសាមគ្គី នៅក្នុងសាលាស្រុកកំចាយមារ ដើម្បីអបអរសាទរខួបទី៤១ ទិវាជ័យជម្នះ ៧ មករាផងដែរ។

បន្ទាប់ពីចូលរួមអង្គមីទ្ទិញអបអរខួប ៧ មករា ២០២០រួចមក លោកបណ្ឌិត ស្តើង សុខុម និងសហការីរួមដំណើរបានអញ្ជើញ ទៅពិនិត្យមើលការសាងសង់ អន្តេវាសឹកដ្ឋានសម្រាប់គ្រូស្នាក់នៅចំនួន២ខ្នង ក្នុងនោះ១ខ្នង ២ជាន់ មាន២០បន្ទប់ និង១ខ្នងទៀតមួយជាន់ មាន១០បន្ទប់, អគារអាហារដ្ឋាន នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំចាយមារ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅទីនោះ លោកបានធ្វើការណែនាំ ឲ្យអ្នកម៉ៅការសាងសង់យកចិត្តទុកដាក់ ទៅលើគុណភាពសំណង់ជាចំបង ព្រោះវាជាអគារស្នាក់នៅដូចនេះ ត្រូវតែធានាសុវត្ថិភាព និងគុណភាពសំណង់ឲ្យបានរឹងមាំ៕