(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងបានលក់លេខរថយន្តគ្រួសារ និងរថយន្តធុនស្រាល នៅឆ្នាំ២០១៩ មានចំនួន៤៦,៣៥៨លេខ ទទួលបានចំណូលជាង៦២ពាន់លានរៀល ស្មើនឹង១៥.៦លានដុល្លារអាមេរិក មានការកើនឡើងជា៥១% បើធៀបនឹងឆ្នាំ២០១៨។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូចនេះ នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងដោយមានការចូលរួមពីមន្ត្រីក្រសួងសាធារការជាច្រើនរួមទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រសួងសាធារណការក៏បានទទួលបានការឯកភាព និងអនុម័តលើអនុក្រឹត្យថ្មីលេខ៧៣ អនក្រ.បក (៣ មិថុនា ២០១៩) ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើងវិញ ដែលមានខ្លឹមសារផ្តោតសំខាន់លើការបង្កើតផ្លាកលេខពិសេសផ្ទាល់ខ្លួន ការរក្សាផ្លាកលេខទុក ការផ្ទេរកម្មសិទ្ធិ និងសហកម្មសិទ្ធិ ជាមួយគ្នានោះដែរក្រសួងបានរៀបចំជាមួយគណៈកម្មការអន្តរក្រសួងនូវបទដ្ឋានគតិយុត្ត និងប្រព័ន្ធលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្តគ្រួសារ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ដើម្បីបំពេញតម្រូវការបន្ថែមទៀត និងផ្តល់ជាជម្រើសជូនប្រជាពលរដ្ឋ និងដើម្បីកៀរគរចំណូលថវិកាបន្ថែមជូនជាតិផងដែរ។

លោក ស៊ុន ចាន់ថុល បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៩ ដដែលនោះក្រសួងសាធារណការ ក៏បានផ្លាស់ប្តូរទីតាំងផ្ទុកទិន្នន័យប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត និងប្រព័ន្ធចុះបញ្ជីអាជីវកម្មដឹកជញ្ជូនផ្លូវគោកពី Cloud មកមជ្ឈមណ្ឌលទិន្នន័យក្រសួង, បានចុះត្រួតពិនិត្យយានយន្តកែច្នៃ និងរកឃើញរថយន្តមិនត្រូវតាម លក្ខណៈបច្ចេកទេសចំនួន ១៨,៧៥៨គ្រឿង និងកាត់ទ្រុងចំនួន៤១៨គ្រឿង, បានចុះត្រួតពិនិត្យយានដ្ឋានជួសជុលកែច្នៃ និងតម្លើងយានយន្ត និងរកឃើញយានដ្ឋានជួសជុល កែច្នៃ និងដំឡើងគ្មានច្បាប់ចំនួន៧៣២កន្លែង, បានចុះត្រួតពិនិត្យរថយន្តធុនធ្ងន់ និងរកឃើញរថយន្តលើសទម្ងន់កម្រិតកំណត់ ២,៩៦០គ្រឿង និងពិន័យជាប្រាក់បានចំនួន ៦,៨២៤លានរៀល និងបានចុះត្រួតពិនិត្យ ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទី ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងរកឃើញរថយន្តល្មើសច្បាប់ចំនួន ១,០៦០គ្រឿង ព្រមទាំងពិន័យជាប្រាក់បានចំនួន ៣៩០លានរៀល។

លោកទេសរដ្ឋមន្ត្រីក៏បានបញ្ជាទៀតថា ក្នុងឆ្នាំ២០១៩នេះ ក្រសួងសាធារណការបានចែកមួកសុវត្ថិភាពសរុបចំនួន ១៨,២៩៤មួក, ស្ទីកឃ័រចំណាំងផ្លាតចំនួន ៧៤,២៥៥សន្លឹក, ស្ទីកឃ័រផ្សេងៗពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍៦,៦០០ផ្ទាំង, និងសម្ភារផ្សព្វផ្សាយការយល់ដឹងពីច្បាប់ និងសុវត្ថិភាពចរារណ៍ផ្លូវគោក ជាច្រើនទៀតផងដែរ។ ក្នុងនោះដែរក្នុងនៅក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៣,៧៤៩ករណី ស្លាប់១,៧៩៦ នាក់ របួសធ្ងន់៣,៥៩០នាក់ និងរបួសស្រាល ២,០៤១នាក់ កើនឡើង ២៦%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨៕