(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ទកាល័យ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកសម្របសម្រួល មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថទូទាំងប្រទេស និងលោកឧត្តមសេនីយ៍ត្រី សូ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង៣០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ម៉េង សៀកវេង ជំនួយការអង្គភាពនីតិវិធី កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលមរណភាព ដោយរោគាពាធ។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានធ្វើការនាំនូវការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ របស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ក្រុមគ្រួសារសព និងបានសម្តែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់ សមាជិកដ៏ល្អមួយរូបនេះ ចេញពីជួរអង្គភាពកងរាជអាវុធហត្ថ។

ក្នុងនោះផងដែរ លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងថា អង្គភាពកងរាជអាវុធហត្ថ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា គឺបានសបញ្ជាក់ឲ្យឃើញ ពីការរីកចម្រើនលើគ្រប់វិស័យទាំងមូល ក្នុងកងរាជអាវុធហត្ថទូទាំងប្រទេស ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា បានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ នេះឡើងក្នុងគោលបំណង ជួយទៅដល់បុគ្គលិករបស់កងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក និងជាការរួមចំណែកជួយទៅដល់កិច្ចការងារសង្គម និងសប្បុរសធម៌។

ជាងចុងក្រោយ លោកឧត្តមសេនីយ៍ត្រី សូ សារិន តំណាងលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានធ្វើការចូលរួមសម្តែងការសោកស្តាយ យ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ក្នុងការបាត់បង់សមាជិកជាទីស្រលាញ់បំផុត ក៏ដូចជាការបាត់បង់មិត្តរួមកិច្ចការងារ ដ៏ល្អមួយរូបនេះផងដែរ៕