(ព្រៃវែង)៖ ប្រជាពលរដ្ឋរស់នៅភូមិបារាយណ៍ ឃុំបារាយណ៍ ក្រុងព្រៃវែង បាននាំគ្នាំរអ៊ូរទាំចំពោះគ្រឿងចក្រជាច្រើនគ្រឿង ដែលកំពុងតែជីកយកអាចម៍ដីលើដីទំហំប្រមាណ ៥ហិតា និងជម្រៅយ៉ាងខ្លាំង ខណៈមន្រ្តីជំនាញនិងអាជ្ញាធរមិនទាន់មានចំណាត់ការ។

ពលរដ្ឋមូលដ្ឋានបានរាយការណ៍ថាទីតាំងជីកយកអាចម៍ដី ដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនេះ នៅខាងលិចទីលានចាក់សំរាមក្រុងព្រៃវែងប្រហែល ២០០ម៉ែត្រ ចុះពីភូមិបារាយណ៍ ហើយត្រូវបានក្រុមឈ្មួញយកគ្រឿងចក្រ ជីកយកអាចម៍ដីរណ្តៅជ្រៅៗ។ មិនតែប៉ុណ្ណោះថែមទាំងដឹកជញ្ជូនរថយន្ត សុទ្ធតែរថយន្តខ្នាតយក្សប្រភេទយីឌុប និងឡានកែច្នៃសង្ស័យអត់ពន្ធរាប់សិបគ្រឿង មិនគ្របស្បៃ ឬតង់ឲ្យបានត្រឹមត្រូវអ្វីទាំងអស់ ធ្វើឲ្យជ្រុះអាចម៍ដីប្រឡាក់ពេញផ្លូវជាតិលេខ១១ ហើយហុយដីចូលផ្ទះប្រពលរដ្ឋនៅតាមសងខាងផ្លូវទៀតផង។

ពលរដ្ឋបន្តទៀតថា ផ្ទះសម្បែងរបស់ពលរដ្ឋមើលមិនយល់ទេ បើរាំងភ្លៀង ហុយទ្រលោម បើភ្លៀងវិញ រអិលដួលសឹងគ្រប់គ្នា ហើយរកហូបបាយ ឬផឹកទឹកមិនកើតផងព្រោះតែគ្រឿងចក្រ ដឹកអាចម៍ដីជាច្រើនគ្រឿងនេះ ធ្វើឲ្យប៉ះពាល់សុខមាលភាពពួកគាត់ខ្លាំងណាស់។ ពលរដ្ឋបានអះអាងថា ខ្លួនក៏ធ្លាប់រាយការណ៍ទៅអាជ្ញាធរដែរ តែដូចគ្មានចំណាត់ការណ៍អ្វីសោះ។

ពលរដ្ឋបន្ថែមថា ពួកគាត់និយាយអ្វីក៏មិនកើតដែរព្រោះថាលោក ថៃ សុធា ជាឈ្មួញជីកយកអាចម៍ដីដ៏មានឥទ្ធិពលម្នាក់ នៅខេត្តព្រៃវែង សង្ស័យត្រូវរ៉ូវគ្នាជាមួយមន្រ្តីជំនាញ និងអាជ្ញាធរអស់ហើយ។ ដូច្នេះពលរដ្ឋបានធ្វើការសំណូមទៅអភិបាលខេត្តព្រៃវែង មេត្តាជួយអន្តរាគមន៍ដោះស្រាយកង្វល់ពលរដ្ឋអំពីផលប៉ះពាល់ដីហុយ និងជ្រុះអាចម៍ដីប្រឡាក់ផ្លូវនេះផង ព្រោះពួកគាត់មិនអាចទ្រាំ នឹងបញ្ហានេះបានទេ។

ជុំវិញទៅនឹងការរអ៊ូរទាំចំពោះក្រុមរថយន្តដឹកដីបំផ្លាញផ្លូវ និងប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ នៅភូមិបារាយណ៍ ឃុំបារាយណ៍ ក្រុងព្រៃវែង ភ្នាក់ងា Fresh News នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ មិនអាចរកការបំភ្លឺពីលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែងបានទេ ដោយលោកប្រធានមន្ទីររូបនេះ លឺតែអ្នកព័ត៌មាន ទាក់ទងសួរព័ត៌មានពាក់ព័ន្ធរណ្តៅដីឆ្លើយថា ជាប់រវល់ហើយចុចទូរស័ព្ទបិទតែម្តង៕