(ត្បូងឃ្មុំ)៖ ក្រុមជើងខ្លាំងមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានបន្តលើកពានរង្វាន់កីឡាវាយប៉េតង់ចំនួន២ផ្ទួនៗគ្នា នាឆ្នាំ២០២០នេះ។

នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកួតកីឡាវាយប៉េតង់លក្ខណៈមិត្តភាព ដកស្រង់បទពិសោធន៍ អបអរសាទរខួបអនុស្សារីយ៍លើកទី៤១ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២០ ក្រោមអធីបតីភាព លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីគណកម្មការប្រកួត ក្រុមកីឡាករមន្ទីរគណបក្សខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត។

ការប្រកួតវាយប៉េតង់លក្ខណៈមិត្តភាពនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បង្កើនសាមគ្គីភាព មិត្តភាព ការប្រាស្រ័យទំនាក់ទំនងគ្នារវាងក្រុមកីឡាករ ដែលកំពុងបម្រើការងារនៅតាមមន្ទីរជំនាញរៀងៗខ្លួនជុំវិញខេត្តត្បូងឃ្មុំ ក៏ដូចជាដើម្បីទទួលបានសុខភាពល្អ តាមរយៈការលេង និងប្រកួតកីឡា។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរួចមក ជាលទ្ធផលជ័យលាភីលេខ១ វាយប៉េតង់លក្ខណៈមិត្តភាពដកស្រង់បទពិសោធន៍ អបអរសាទរខួបអនុស្សារីយ៍លើកទី៤១ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២០នេះ បានទៅលើក្រុមមន្ទីរគណបក្សប្រជាជនខេត្តត្បូងឃ្មុំ។

គួររំលឹកថា នេះជាពានជ័យលាភីលេខ១ លើកទី២ហើយ ដែលក្រុមកីឡាករមន្ទីរគណបក្សខេត្ត ខិតខំប្រកួតប្រជែងដណ្តើមយកមកបាន លើវិញ្ញាសារវាយប៉េតង់ បន្ទាប់ពីពានរង្វាន់ទី១ ដណ្តើមយកបាន ក្នុងការប្រកួតកីឡាមហាជន ពានរង្វាន់អភិបាលខេត្តត្បូងឃ្មុំ កាលពីពេលកន្លងទៅថ្មីៗនេះ៕