(កណ្តាល)៖ ស្ដ្រីម្នាក់ឈ្មោះ ហុក មករា ដែលមានប្ដីជាម្ចាស់គ្លីនិចមួយកន្លែងនៅស្រុកមុខកំពូល ខេត្តកណ្ដាល កំពុងរងការចោទប្រកាន់ថា ជំពាក់លុយគេជាង ៤ម៉ឺនដុល្លារ មិនព្រមសងប្រាក់មកម្ចាស់បំណុល ហើយព្យាយាមគេចវេស និងចេះតែសន្យាឲ្យតែរួចពីមាត់។

ជុំវិញការចោទប្រកាន់នេះ ស្ដ្រីឈ្មោះ ហុក មករា បានឲ្យដឹងថា ខ្លួន និងម្ចាស់លុយគឺជាអ្នកស្គាល់រាប់អានគ្នា ហើយខ្លួនសន្យាជាថ្មីថា នឹងសងប្រាក់ទាំងអស់ឲ្យរួចរាល់ នៅបំណាច់ខែមករា ឆ្នាំ២០២០នេះ។

បើតាមម្ចាស់បំណុល នាពេលកន្លងទៅ កូនបំណុលរូបនេះ ធ្លាប់បានចេញសែកជូនខ្លួនផងដែរ ប៉ុន្តែសែកនោះមិនមានសាច់ប្រាក់ឡើយ ដែលលោកអាចប្តឹងចាត់វិធានការរតាមច្បាប់បាន។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ម្ចាស់បំណុលបានបញ្ជាក់ថា ស្ដ្រី ហុក មករា តែងតែសន្យាបែបនេះជារហូតមកហើយ តែមិនដែលអនុវត្តនោះឡើយ ដូច្នេះម្ចាស់បំណុលថា នឹងដាក់ពាក្យប្ដឹងទៅតាមផ្លូវច្បាប់ បើសិនស្ដ្រី ហុក មករា មិនព្រមសងប្រាក់នៅចុងខែនេះ៕